ស្ថិតនៅក្នុងព្រៃភ្នំភាគកណ្តាលនៃប្រទេសវៀតណាម ដៃស៊ីម៉ង់ត៍ដ៏ធំ២ផុសចេញពីដើមឈើ ដោយកាន់ «ស្ពានមាស» ដ៏ល្វឹងល្វើយដែលពោរពេញទៅដោយអ្នកទេសចរដែលមានភាពសប្បាយរីករាយ នាំគ្នាថតរូប selfie នៅឯតំបន់ទាក់ទាញភ្ញៀវទេសចរប្លែកខុសគេបំផុតរបស់ប្រទេសនេះ ។
វាត្រូវបានស្ថាបនាឡើង ដើម្បីធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ដូចជាពួកគេកំពុងដើរលំហែកាយ នៅលើអំបោះចាំងពន្លឺព្រឹមៗ ឆ្លងកាត់ដៃនៃ «ស្ពានមាស» ដែលបានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករ ចាប់តាំងពីវាត្រូវបានបើកសម្ភោធនៅភ្នំ Ba Na នៅជិត Danang ក្នុងខែមិថុនា ។
បណ្តារូបភាពនៃស្ពាននេះ បានកំពុងរីករាលដាលនៅលើបណ្តាញសង្គម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ស្ថាបត្យករ ដែលពុំមានគំនិតធ្វើឲ្យទាក់ទាញខ្លាំងបែបនេះ ។
អ្នករចនា និងជាស្ថាបនិក TA Landscape Architecture លោក Vu Viet Anh បានប្រាប់ AFP ថា៖ «យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលសមិទ្ធិផលរបស់យើងត្រូវបានចែករំលែកទៅកាន់មនុស្សនៅទូទាំងពិភពលោក» ។
មានប្រវែង ១៥០ ម៉ែត្រ ស្ពានឆ្លងកាត់ព្រៃខ្ពស់នៅលើភ្នំនេះ ត្រូវបានបង្កើតឡើងដំបូងដោយអាណានិគមបារាំង ធ្វើជាស្ថានីយ៍ភ្នំមួយនៅក្នុងឆ្នាំ១៩១៩ ។
ប៉ុន្តែ ភ្ញៀវទេសចរភាគច្រើន ចាប់អារម្មណ៍ទៅនឹងការស្ថាបនាថ្មី Cau Vang ដែលមានន័យថា «ស្ពានមាស (Golden Bridge)» នៅក្នុងប្រទេសវៀតណាម ។
លោក Nguyen Trung Phuc បានប្រាប់ AFP ថា៖ «ស្ពាននេះពិតជាស្រស់ស្អាតណាស់ ជាមួយនឹងស្ទៃល៍ស្ថាបត្យកម្មដ៏អស្ចារ្យនេះ ដែលអាចឲ្យយើងមើលឃើញទីក្រុង Danang បាន វាពិតជាស្រស់ស្អាតខ្លាំង» ។
អ្នកទេសចរម្នាក់ឈ្មោះ Nguyen Hien Trang និយាយថា៖ «ខ្ញុំបានធ្វើដំណើរទេសចរណ៍ច្រើនណាស់ដែរ ប៉ុន្តែ ខ្ញុំពុំដែលបានឃើញស្ពានណាមួយស្រស់ស្អាតដូចជាស្ពាននេះទេ» ។
គម្រោង Ba Na Hills ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Sun Group ដែលបានបែងចែកមតិយោបល់ជាមួយគម្រោងដែលមានភាពជឿនលឿននៅកន្លែងផ្សេងទៀតនៅប្រទេសវៀតណាម ។
នៅឆ្នាំ ២០១៦ វាបានបើកកន្ត្រកខ្សែកាបិ៍្តនៅលើភ្នំខ្ពស់បំផុត Fansipan របស់ប្រទេសវៀតណាម នៅក្នុងកន្លែងចម្រុះទេសចរណ៍ Sapa ដែលនាំឱ្យមានការត្អូញត្អែរពីអ្នកស្រុកដែលមានអារម្មណ៍ថា វាបានធ្វើឱ្យខូចដល់ទេសភាព និងបានយកមុខជំនួញចេញពីមគ្គុទ្ទេសក៍ទេសចរ ៕ ចន្ទី (The Nation, nextshark)