Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស៊ីម៉ាក់ “ភាពជាម្ចាស់ដ៏រឹងមាំ នៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យសកម្មភាពមីន”

ភ្នំពេញ ៖ ឯកឧត្តមប្រតិភូអង្គភាពស៊ីម៉ាក់ បានថ្លែងថា អង្គការជាតិ និងអង្គការអន្តរជាតិមមួយចំនួន បាននិងកំពុងសហការជាមួយអង្គភាពស៊ីម៉ាក់ ក្នុងនាមជាដៃគូ ដើម្បីសហការក្នុងការសម្រេចឱ្យបានគោលដៅរួមគ្នាមួយ នៅក្នុងការបោសសម្អាតមីន។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Shinji YANAGAWA តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) ប្រចាំកម្ពុជា រួមជាមួយលោក Dahir Abdirahman Abdull អគ្គនាយកអាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” រៀបចំឡើងដោយអង្គភាពCMACសហការជាមួយJICA នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។

ឯកឧត្តម ហេង រតនា បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងផ្តល់នូវវេទិកាដ៏មានសារៈសំខាន់មួយ ដើម្បីចែករំលែកឧត្តមានុវត្តន៍ រួមជាមួយបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថាប័នជាតិ ការគ្រប់គ្រងវិស័យសកម្មភាពមីន និងប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ជូនដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិនៃសកម្មភាពមីន មកពីបណ្តាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកចំនួន០៤ រួមមាន ស៊ូដង់ខាងត្បូង នីហ្សេរីយ៉ា អេត្យូពី និងសូម៉ាលី។ សូមជម្រាបថា តាមការបញ្ជាក់ពីថ្នាក់ដឹកនាំមកពីបណ្តាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកចំនួន០៤ខាងលើ ក្នុងប្រទេសរបស់ខ្លួនពុំទាន់មានអង្គភាពឬស្ថាប័នប្រតិបត្តិករជាតិបោសសម្អាតមីននៅឡើយទេ ដោយពឹងផ្អែកទាំងស្រុងទៅលើ ក្រុមហ៊ុន អង្គការជាតិ និងអង្គការអន្តជាតិ ដើម្បីអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតមីនក្នុងប្រទេសរបស់ខ្លួន។

ដោយមើលឃើញពីភាពជោគជ័យរបស់អង្គភាពCMAC ជាពិសេសការកសាងសមត្ថភាពរបស់អង្គភាពCMAC ក្នុងនាមជាស្ថាប័នជាតិដ៏លេញធ្លោ ដែលបានកសាងនិងពង្រឹងភាពជាម្ចាស់ និងបានកសាងធនធានមនុស្សដ៏រឹងមាំ ព្រមទាំងបានការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីន ទើប បណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន០៤ ស្នើសុំអោយអង្គភាពCMAC តាមរយៈJICA ជួយផ្តល់ការចែករំលែកបទពិសោធន៍ និងហ្វឹកហ្វឺនដល់អង្គភាពប្រទេសរបស់ខ្លួននាពេលខាងមុខ ជាពិសេសស្នើសុំធ្វើទស្សនៈកិច្ចនៅកម្ពុជា (អង្គភាពCMAC) ដើម្បីសិក្សាអោយកាន់តែច្បាស់អំពីវិស័យបោសសម្អាតមីននៅកម្ពុជា ព្រមទាំងយកទៅអនុវត្ត ក៏ដូចជាធ្វើការកំណែទម្រង់ស្ថាប័នជាតិរបស់ខ្លួនឈានឆ្ពោះទៅទទួលបានជោគជ័យ ក្នុងការពង្រឹងភាពជាម្ចាស់នៃស្ថាប័នជាតិ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរមីន UNDP និងដៃគូអភិវឌ្ឍមួយចំនួនដូចជា ARMAC NPA JMAS APOPO និងអង្គការMAGផងដែរ។

មានប្រសាន៍នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ទៅលើភាពជាម្ចាស់ និងភាពជាដៃគូដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននៅក្នុងវិស័យសកម្មភាពមីន។

មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះផងដែរ តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានលើកឡើងពីភាពជាដៃគូរវាង JICA និង CMAC ចាប់តាំងពីឆ្នាំ១៩៩៩ ដើម្បីគាំទ្រក្នុងវិស័យបោសសម្អាតមីន ជាពិសេសការចូលរួមចែករំលែកចំណេះដឹង ក្នុងវិស័យសកម្មភាពមីនទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេស កូឡុំប៊ី ប្រទេសអឺរ៉ាក់ ប្រទេសឡាវ ប្រទេសអ៊ុយក្រែនប្រទេសអង់ហ្គោឡា ជាដើម ដើម្បីផ្តល់លទ្ធភាពដល់ប្រតិបត្តិករទាំងនោះអាចធ្វើការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការនៃការបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួន។

គួររំលឹកផងដែរថា មុននឹងឈានដល់ការធ្វើសិក្ខាសាលានេះឡើង កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ា អង្គភាពCMAC ត្រូវបានអញ្ជើញអោយចូលរួមក្នុងសិក្ខាសាលាមួយ ស្តីពី ការពង្រឹងភាពជាម្ចាស់ និងសមត្ថភាពគ្រប់គ្រង ស្ថាប័នជាតិក្នុងវិស័យសកម្មភាពមីន ដែលបានរៀបចំ និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) និងសហការរៀបចំសម្របសម្រួលជាមួយ អ៊ុនម៉ាស់ (United Nations Mine Action Service)មន្ត្រីអាជ្ញាធរទាំង០៤ប្រទេស ព្រមទាំងទីប្រឹក្សាអម សុទ្ធតែយល់ឃើញ និងទទួលស្គាល់ថា ស្ថាប័ន ជាតិគ្រប់គ្រងវិស័យមីនក្នុងប្រទេសរបស់ខ្លួនហាក់មានលក្ខណៈមិនច្បាស់លាស់ សមត្ថភាពមានកំរិត ពឹង ផ្អែកខ្លាំងលើជំនួយពីខាងក្រៅ និងមានបញ្ហាប្រឈមច្រើន ទាក់ទងការកសាងសមត្ថភាព និងភាពជាម្ចាស់ លើការគ្រប់គ្រងវិស័យមីន ក្នុងប្រទេសរបស់ខ្លួន។

តាមការបញ្ជាក់ប្រទេសទាំង០៤ខាងលើ ពុំទាន់មានអង្គភាព ឬស្ថាប័នប្រតិបត្តិករជាតិបោសសម្អាតមីននៅឡើយទេ ដោយពឹងផ្អែកទាំងស្រុងទៅលើ ក្រុមហ៊ុន អង្គការជាតិ និងអង្គការអន្តជាតិ ដើម្បីអនុវត្តកិច្ច ប្រតិបត្តិការបោសសម្អាតមីន និងបានស្នើសុំអោយអង្គភាពCMAC តាមរយៈអង្គការJICA ជួយផ្តល់ការចែក រំលែកបទពិសោធន៍ និងហ្វឹកហ្វឺនដល់អង្គភាពប្រទេសរបស់ខ្លួន នាពេលខាងមុខ ជាពិសេសស្នើសុំធ្វើ ទស្សនៈកិច្ចនៅកម្ពុជា ដើម្បីសិក្សាអោយកាន់តែច្បាស់អំពីវិស័យបោសសម្អាតមីន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×