នៅពេលប្រឈមមុខនឹងស្ថានភាពដែលអ្នកត្រូវជាប់សោផ្ទះ ហើយសុខចិត្តចំណាយលុយ ដើម្បីវាយបំបែកទ្វារផ្ទះរបស់អ្នក នោះជឿថាសម្រាប់មនុស្សទូទៅ ពួកគេប្រហែលជាមានឆន្ទៈក្នុងការជ្រើសរើសមធ្យោបាយមួយនេះ ឬវិធីផ្សេង។ ប៉ុន្តែស្ត្រីវ័យក្មេងម្នាក់នៅប្រទេសម៉ាឡេស៊ីម្នាក់នេះ គឺនាងមិនបានជ្រើសរើសផ្លូវណាមួយទេ។ ផ្ទុយទៅវិញ នាងបានជួលរថយន្តស្ទូច ដើម្បីលើកនាងទៅកាន់យ៉រផ្ទាល់ខ្លួនរបស់នាង។
គេហទំព័រ Mothership បានរាយការណ៍ថា តារាចម្រៀងស្រីវ័យ ៤០ ឆ្នាំ នាង Tammy Ng ដែលរស់នៅក្នុងផ្ទះល្វែងមួយជាន់ទី៤ ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលត្រូវធ្វើបែបនេះ គឺដោយសារតែសោរអគ្គិសនីក្នុងបន្ទប់របស់នាងបានដំណើរការខុសប្រក្រតី នៅប្រហែលម៉ោង 2:00 រសៀល ថ្ងៃទី២១ ខែមករា។ ហើយអ្វីដែលកាន់តែអាក្រក់នោះ នាងបានទុកសោមេនៅក្នុងបន្ទប់ទៀត។
នាងបានហៅជាងដែករួចហើយ ប៉ុន្តែចម្លើយគឺថា ផ្លូវតែមួយគត់ដើម្បីចូលបន្ទប់ គឺត្រូវទម្លុះទ្វារ។ ក្រៅពីត្រូវបង់ប្រាក់ ៨០០ រីងហ្គីត (ប្រហែលជាង ១៥០ ដុល្លារ) ជាថ្លៃរុះរើ។ វាក៏នឹងធ្វើឱ្យអ្នកចំណាយបន្ថែម 2,000-3,000 រីងហ្គីត (ប្រហែលជាង ៤០០ ដុល្លារ ទៅ ៦០០ ដុល្លារ) ដើម្បីជំនួសសោរអគ្គិសនី និងទ្វារការពារភ្លើង។
ទោះជាយ៉ាងណា បន្ទាប់ពីបានសម្រេចចិត្តរួចហើយ តារាចម្រៀងស្រីរូបនេះ ក៏ក្រឡេកឃើញឡានស្ទួចស្ទូចទៅកាប់ដើមឈើក្បែរផ្ទះ ហើយនាងក៏បានទៅទាក់ទងក្រុមហ៊ុនជួលស្ទូច មកជួយយកនាងទៅបន្ទប់ជំនួសវិញ។
នៅក្នុងឃ្លីបវីដេអូ បានបង្ហាញឲ្យឃើញថា នាង Tammy Ng ត្រូវបានរថយន្តស្ទូចលើកឡើងទៅលើផ្ទះល្វែងជាន់ទី៤ របស់នាង មុនពេលនាងញញឹម និងគ្រវីដាក់កាមេរ៉ាពីយ៉រ ដែលនាងផ្តល់សញ្ញាឲ្យដឹងថាអាចចូលបន្ទប់បាន ព្រោះនាងមិនបានចាក់សោទ្វារយ៉រនោះទេ។
ចំណែកថ្លៃឈ្នួលសម្រាប់ស្ទូចក្នុងបេសកកម្មនេះ គឺមានតម្លៃត្រឹមតែ 500 រីងហ្គីត (ប្រហែល ១០០ ដុល្លារ) តែប៉ុណ្ណោះ ដែលជាការសន្សំសំចៃ និងមានតម្លៃថោកជាងឆ្ងាយ បើធៀបនឹងការរុះរើទ្វារបន្ទប់។ នាងបានបន្ថែមថា នេះជាលើកទីមួយហើយដែលនាងបានជិះស្ទូច ហើយវាជាបទពិសោធន៍ដ៏ត្រជាក់បំផុត។
យ៉ាងណាមិញ បន្ទាប់ពីរឿងនេះត្រូវបានគេផ្សព្វផ្សាយ ឃ្លីបនេះត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើន ក្នុងប្រទេសម៉ាឡេស៊ី បានសរសើរពីភាពរហ័សរហួនរបស់នាង។ ប៉ុន្តែ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានរិះគន់ថា «នេះគឺជាគំនិតមិនត្រឹម ដែលមិនត្រឹមតែប្រឆាំងនឹងច្បាប់ប៉ុណ្ណោះទេ តែក៏អាចមានគ្រោះថ្នាក់សម្រាប់អ្នកផងដែរ ប្រសិនមានបញ្ហាអ្វីខុស នឹងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកពុំខាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង