ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស្ទូចមួយគ្រឿង តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងល្បឿនលឿន ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចំនួនពីរកង់ រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ២៦ខែមករាឆ្នាំ ២០២៤ ចំណុចក្បែរស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ3E-9643 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតរថយន្តមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពួកចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនពីរកង់ រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណាំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កក៏បានចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយ ជាមួយនឹងខាងជំនាញចរាចរណ៍នៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត



