Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! អ្នកដំណើរ​ត្រូវ​ជាប់​គាំង​លើ​យន្ត​ហោះ បន្ទាប់ពី​ចុះចត ស្រាប់តែ​រក​ឃើញ​ឃ្មុំ​មួយ​សំបុក​ធំ ឡោមព័ទ្ធ​ពាសពេញ​យន្តហោះ

ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន Voepass Linhas Aéreas ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ប្រេស៊ីល​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​កោះ Fernando de Noronha ពេល​អ្នក​មក​ដល់​កោះ Natal។ រដ្ឋធានី Rio Grande do Norte នៅម៉ោង ១២ និង៣៥ នាទី ​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ២០២៣ អ្នកដំណើរក៏ស្រាប់តែបានឮសំឡេង «ភ្ញាក់ផ្អើល» យ៉ាងខ្លាំង នៅខាងក្រៅយន្តហោះ។

ពេលក្រុមអាកាសយានិកទៅខាងក្រៅ ពួកគេបានរកឃើញថា យន្តហោះត្រូវបានហ៊ុំព័ទ្ធដោយ «ឃ្មុំ» មួយសំបុកយ៉ាងធំ ហើយពួកវាហាក់ដូចជាមិនផ្លាស់ទីទៅឆ្ងាយទេ។ ដូច្នេះ​ហើយ​គេ​បារម្ភ​ថា វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​ដំណើរ។ ដូច្នេះ​ត្រូវ​ហៅ​មន្ត្រី​ពន្លត់​អគ្គិភ័យ​មក​ជួយដោះស្រាយបញ្ហានេះ ហើយសុំឱ្យអ្នកដំណើររង់ចាំនៅកៅអីរបស់ពួកគេសិន។

អ្នក​ដំណើរ​ម្នាក់បាន​និយាយ​ថា «មាន​សំឡេង​លាន់ឮឡើងរងំ​នៅ​ខាង​ក្រៅ ហើយ​បានរកឃើញថាមានសត្វ​ឃ្មុំ​ស្ទើរ​តែ​ឡោម​ព័ទ្ធ​យន្តហោះ​ទាំង​មូល ខណៈសំបុករបស់វានៅស្លាបខាងស្តាំរបស់យន្តហោះ។ នៅពេលនោះ អ្នកដំណើរជាច្រើន ពិតជាមានការភ័យខ្លាចជាខ្លាំង នៅពេលបានឃើញ​សត្វឃ្មុំហើរឡើងប្រសាចបែបនេះ»។

ទោះជាយ៉ាងណា បន្ទាប់មក ​ក្រុម​ពន្លត់​អគ្គិភ័យ​បានមក​ដល់ និង​បាន​​ឃើញ​ឃ្មុំ​មួយសំបុក​ធំ​នៅ​ស្លាបយន្តហោះ។ ភ្លាមៗនោះ ពួកគេបានយកបាញ់ថ្នាំសម្លាប់សត្វល្អិត ដើម្បីដោះស្រាយ និង​ត្រូវការ​ចំណាយ​ពេល​អស់មួយសន្ទុះធំ ​ដើម្បី​បណ្ដេញ​សត្វឃ្មុំទាំងនោះ​ចេញអស់។

ជាសំណាងល្អ អ្នកដំណើរទាំងអស់នៅលើយន្តហោះមានសុវត្ថិភាព ពុំទទួលរងការទិចនោះទេ ហើយបានចូលអាកាសយានដ្ឋានដោយរលូននៅម៉ោង ១ និង ៥០ នាទីរសៀល បន្ទាប់ពីជាប់គាំងអស់រយៈពេលជិត ១៩ នាទី ដោយសារតែឃ្មុំមួយហ្វូង ដែលធ្វើឲ្យមិនអាចចុះពីយន្តហោះបាន។

អ្នក​នាំ​ពាក្យក្រុមហ៊ុន​អាកាសចរណ៍ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុនបាន​អនុវត្ត​តាម​នីតិវិធី​សុវត្ថិភាព ហើយ​បន្ទាប់​ពី​សត្វ​ឃ្មុំ​ត្រូវ​បានបណ្តេញ​ចេញ អ្នក​ដំណើរ​ទាំង​អស់​បាន​ចុះ​ពី​យន្តហោះ​ដោយ​សុវត្ថិភាព។ ចំណែក​យន្តហោះ​ត្រូវ​បាន​យក​មក​ថែទាំ ហើយការត្រួតពិនិត្យសុវត្ថិភាពទាំងអស់ នឹងត្រូវបានអនុវត្តនៅលើជើងហោះហើរបន្ទាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×