ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស
គ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ក្រោមការសង្កេតការណ៍ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ សម្រាប់ការប្រឡងនារសៀលនេះក្នុងថ្ងៃតែមួយ។
សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជីវវិទ្យា និង ៣.វិញ្ញាសាភាសាអង់គ្លេស។

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិស នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ពិសេសតំណាងក្រសួង និងអង្គភាព ដែលបានចូលរួមគាំទ្រ និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបនឹងវិធានការគន្លឹះអាទិភាពទី១ គឺការធ្វើកំណែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យទទួលបានលទ្ធផលពិតប្រាកដ ស្របតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រី គឺដាក់លើតុជូនសាធារណជន មើល និងតាមដានដោយផ្ទាល់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដែលធានាតម្លាភាព យុត្តិធម៌ និងផ្តល់ឱកាសឱ្យបានស្មើៗគ្នា ដែលបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ គឺប្រែក្លាយទស្សនវិស័យរបស់សម្តេចធិបតី ឱ្យក្លាយទៅជាការពិត និងផ្តល់ឱកាសជូនដល់បេក្ខជន បេក្ខនារី ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល មិនចាំបាច់ស្គាល់អ្នកធំ មិនចាំបាច់មានខ្សែ តែចាំបាច់ត្រូវមានសមត្ថភាព។

សូមបញ្ជាក់ដែរថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ត្រូវផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព នឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបេក្ខភាពចំនួន ១,៨៩២នាក់ (ស្រី ៥៧៩នាក់) ព្រមទាំងមានអ្នកសង្កេតការណ៍សរុប ចំនួន១៦១រូប៖ ១-មហាជនបានចុះឈ្មោះជាអ្នកសង្កេតការណ៍ ៤៤រូប ២-អ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យ ១០រូប ៣-អ្នកសង្កេតការណ៍ សសយក ២០រូប និង ៤-អ្នកសង្កេតការណ៍ ACU ៨៧រូប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

