ស្រ្តីមានមាឌធំម្នាក់ បានក្លាយជាប្រធានបទបង្កឲ្យមានការវែកញែក និងទទួលការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បន្ទាប់ពីនាងចេញមកចែករំលែកបទពិសោធន៍ជិះយន្តហោះកាលពីពេលថ្មីៗនេះ។ រឿងរ៉ាវនោះ គឺផ្តើមចេញពីនាងបានទិញសំបុត្រពីរសន្លឹក មុនពេលស្រ្តីជាម្ដាយម្នាក់សុំនាងឲ្យលះបង់កៅអីសម្រាប់កូនតូចរបស់ខ្លួន ប៉ុន្តែចម្លើយរបស់ស្រ្តីធាត់ម្នាក់នេះគឺ «No» ដែលបង្កជាជម្លោះផ្អើលនៅលើយន្តហោះ។
ទាក់ទងនឹងរឿងរ៉ាវនេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គេហទំព័រ New York Post បានរាយការណ៍ឲ្យដឹងថា Jaelynn Chaney អាយុ ៣៤ ឆ្នាំ ជាស្ត្រីមានឥទ្ធិពលម្នាក់មកពីទីក្រុង Vancouver ប្រទេសកាណាដា បានរំលឹកពីករណីនេះដោយបានប្រាប់ឲ្យដឹងថា នាងបានកក់សំបុត្រយន្តហោះក្នុងស្រុកចំនួនពីរសម្រាប់ខ្លួននាង ព្រោះនាងធ្លាប់មានបទពិសោធន៍នេះពីមុនមក បើកក់តែមួយកៅអី វានឹងពិបាកខ្លាំងណាស់ ទាំងខ្លួននាងផ្ទាល់ និងអ្នកដំណើរនៅក្បែរ។
នាង Chaney បាននិយាយថា៖ «ខ្ញុំជាមនុស្សធាត់ ខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីសម្រកទម្ងន់ ប៉ុន្តែខ្ញុំនៅតែធាត់ ហើយដោយសារតែខ្ញុំធាត់ ដូច្នេះខ្ញុំបានកក់កៅអីបន្ថែមទៀត ដើម្បីឱ្យអ្នករាល់គ្នាកាន់តែមានផាសុកភាព។ ខ្ញុំដឹងថា វាពិបាកណាស់ដែលត្រូវចំណាយកៅអីបន្ថែម ប៉ុន្តែ ត្រូវតែធ្វើដូចនេះ»។
កន្លងមក ការធ្វើដំណើររបស់លោក Chaney មានភាពរលូនមិនមានបញ្ហាអ្វីឡើយ។ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅពេលដែលអ្នកដំណើរដែលអង្គុយក្បែរនាងជាម្តាយម្នាក់ជាមួយកូនប្រុសអាយុ១ឆ្នាំកន្លះ បានមកប្រាប់ Chaney ឲ្យអង្គុយតែកៅមួយប៉ុណ្ណោះ ដើម្បីឱ្យកូនប្រុសរបស់ខ្លួនអាចអង្គុយនៅកៅអីមួយទៀត ដែលធ្វើឲ្យ Chaney បានសង្កត់ធ្ងន់ថា “នាងប្រាប់ខ្ញុំឲ្យធ្វើ ទាំងមិនបានសុំទេ ដូច្នេះខ្ញុំប្រាប់ទៅនាងថា «ទេ» ព្រោះខ្ញុំបានចំណាយប្រាក់សម្រាប់កៅអីនេះដើម្បីទទួលបានកន្លែងបន្ថែម»។
បន្ទាប់ពីត្រូវបានច្រានចោល ស្រ្តីម្តាយរូបនោះមិនពេញចិត្ត និងត្អូញត្អែរថា វាជាបញ្ហាធំ រហូតដល់មានអ្នកបម្រើលើយន្តហោះម្នាក់ចូលមក។ ប៉ុន្តែបុគ្គលិកម្នាក់ហាក់បីដូចជាចូលខាងស្រ្តីជាម្តាយ ហើយសុំ Chaney ឲ្យសង្រួមខ្លួនបន្តិច ដើម្បីឲ្យកូនរបស់នាងក៏អាចអង្គុយបានដែរ ប៉ុន្តែ Chaney នៅតែទទូចថាមិនបានទេ ព្រោះនាងចង់ប្រើកៅអីដែលនាងបានបង់លុយ។
ឃើញ Chaney បដិសេធយ៉ាងដាច់ណាត់បែបនេះ បន្ទាប់មកបុគ្គលិកបានសួរនាំអ្នករួមដំណើរដែលជាម្តាយ ឱ្យដាក់កូនតូចនៅនឹងភ្លៅរបស់នាង ហើយស្រ្តីជាម្តាយនោះក៏ត្រូវបង្ខំធ្វើតាម។ ប៉ុន្តែពេញមួយជើងហោះហើរ Chaney ត្រូវបានគេសម្លឹងមើល និងត្អូញត្អែរពីពាក្យអាក្រក់គ្រប់ប្រភេទ ហើយនាងមានអារម្មណ៍គួរឱ្យភ័យខ្លាច។
យ៉ាងណាមិញ ក្រោយពីបានឃើញមនុស្សមួយចំនួនរិះគន់ នាង Chaney ក៏បានសួរទៅវិញថា៖ «ជាកំហុសរបស់ខ្ញុំមែនទេ? បើអ្នកឯងធាត់ខ្លាំងបែបនេះ តើអ្នកឯងអាត្មានិយមបែបហ្នឹងឬអត់?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង