រាជធានីភ្នំពេញ ÷ ក្នុងពិធីសន្និបាត-ជំនួបម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងដឹកជញ្ជូន លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកោតសរសើរដល់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា ថា បានចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា ដោយសមាគមនេះបានខិតខំប្រឹងប្រែង ក្នុងការទំនាក់ទំនងរកដៃគូ សហការ ពីបណ្តាស្ថាប័នរដ្ឋ អង្គការ សមាគម និងវិស័យឯកជន រួមទាំងស្ថាប័ននៅក្រៅប្រទេស ដើម្បីជាប្រយោជន៍ដល់សមាជិក ក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្ម និងអាជីវកម្មរបស់ខ្លួន ក៏ដូចជាបម្រើផលប្រយោជន៍ដល់សង្គម សេដ្ឋកិច្ចជាតិ និងប្រជាជន។

ពិធីសន្និបាត-ជំនួបម្ចាស់អាជីវកម្ម ដែលត្រូវបានធ្វើឡើងនាចុងខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្ហាញពីសកម្មភាពរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា រយៈពេល ៥ឆ្នាំ និងសកម្មភាពក្នុងឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ ដោយមានម្ចាស់អាជីវកម្មមកពីក្រុមហ៊ុនផ្សេងៗ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់បានចូលរួម។

លោក ជា ចាន់ដារ៉ា ដែលត្រូវបានគេបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមខាងលើ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤នេះ សមាគមស្នើសុំជួបក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីសហការ និងការគាំទ្រ, ការស្វែងរកបន្ថែមដៃគូសហការ សមាគម អង្គការក្រៅរដ្ឋាភិបាល វិស័យអប់រំ និងវិស័យឯកជន, ការរៀបចំផ្គូផ្គងម្ចាស់អាជីវកម្ម បណ្តាញអាជីវកម្មជាអន្តរជាតិនៅក្នុងប្រទេស និងស្វែងរកអ្នកវិនិយោគ, ការរៀបចំដឹកនាំសមាជិក ដែលជាម្ចាស់អាជីវកម្ម ទៅជួបម្ចាស់អាជីកម្មនៅក្រៅប្រទេស, ការរៀបចំកម្មវិធីបណ្តុះបណ្តាល លើវិស័យដឹកជញ្ជូន ឡូជីស្ទីក និងគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ ជូនសមាជិក សិស្ស និស្សិត និងសិក្ខាកាម, ធ្វើយ៉ាងណាឱ្យសមាគមរឹតតែមានលទ្ធភាពពង្រីកអាជីវកម្ម វិនិយោគ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN










