ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ពាក់ព័ន្ធករណីលួចប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។ ជនសង្ស័យ៥នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។

តាមមន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យ ជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលកាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនាពេលថ្មីៗនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌសែនសុខជាបន្តបន្ទាប់។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នេះតែម្ដង។

មន្ត្រីដដែលបានបញ្ជាក់ថាក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពព្រួតគ្នាវាយទាត់ធាក់ និងយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះ បានសម្រេចជាច្រើនករណី។
ក្រោយធ្វើការបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ៥នាក់នេះ ត្រូវបាននគរបាលបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី