Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច បង្រ្កាបទីតាំងបទល្មើសឆបោកអនឡាញ រកឃើញជនសង្ស័យជាតិវៀតណាមជិត ១៥០នាក់

ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង និងជាចុងភៅ និងកូនកាំបិត ផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាម ដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និងបានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ។

សូមរំលឹកថា ឯកសារបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានឃើញបែកធ្លាយនៅលើបណ្តាញសង្គម ហើយត្រូវបានបណ្តាញព័ត៌មាន ទទួលបាននៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។សម្ដេចធិបតី បានថ្លែងថា ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។

ឯកសារត្រូវបានចុះហត្ថលេខាដោយសម្តេចធិបតី​ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកសារបទបញ្ជានោះបានរៀបរាប់ថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅព្រះរាជាណាចក្រកម្ពុជា
ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដូចខាងក្រោម៖

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្ដាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។
គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិង មានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×