រាជធានីភ្នំពេញ ÷ នេះជាព័ត៌មានគួរដឹងល្អណាស់សម្រាប់អ្នកនិយមទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ជាពិសេសអ្នកជំនួញ ពាណិជ្ជករ វិនិយោគិនតែម្ដង… លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះលេចឮដំណឹងថា មានគេនិយាយពីការប្រើប្រាស់ប្រាក់ឌីជីថលគ្រីបតូ ដូច្នេះធនាគារជាតិនៃកម្ពុជា សូមប្រកាសថា មិនអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធនឹងគ្រីបតូ ឡើយ, ការហាមបែបនេះ គឺដើម្បីទប់ស្កាត់ហានិភ័យ ដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ។

ការបញ្ជាក់បែបនេះរបសើ លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។ លោកស្រីបណ្ឌិត ជា សិរី ក៏បានផ្ដោតមួយចំណុចផងដែរលើប្រាក់គ្រីបតូ… គ្រីមតូ គឺជាទ្រព្យសកម្មឌីជីថល ដែលមិនមានប្រភពច្បាស់លាស់ និងមានហានិភ័យខ្ពស់ ហើយធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធនឹងប្រាក់គ្រីបតូ ឬទ្រព្យសកម្មគ្រីបតូនេះឡើយ ដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ។

លោកស្រីបណ្ឌិតទេសាភិបាលធនាជាតិនៃកម្ពុជា បានពន្យល់ថា ប្លុកឆេន គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលយើងអាចប្រើប្រាស់សម្រាប់អភិវឌ្ឍប្រព័ន្ធទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃទាប ដូចជាប្រព័ន្ធបាគង ដែលបានក្លាយជាប្រព័ន្ធទូទាត់កន្លោង សម្រាប់សម្រួលដល់ការទូទាត់អន្តរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការទូទាត់ឆ្លងប្រទេស។ បច្ចុប្បន្ន ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា បាននិងកំពុងចាប់យកកាលានុវត្តភាព និងទាញយកសក្តានុពលពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលបានធ្វើឱ្យការទូទាត់កាន់តែមាន ប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា នឹងបន្តជំរុញអន្តរប្រតិបត្តិការ និងការតភ្ជាប់នៃប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មក្នុងតំបន់ និងពិភពលោកសំដៅរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស, ប៉ុន្តែទោះជាយ៉ាងណា យើងហាមមិនឱ្យមានការជួញដូរទ្រព្យគ្រីបតូ ដូចជា Bitcoin, Ethereum, ឬ Dogecoin ជាដើម… ដែលវាប្រៀបប្រដូចការជួញដូរទ្រព្យគ្រីបតូទាំងនេះ ទៅជារបៀបប្រាក់លេងភ្នាល់ល្បែងស៊ីសង ដែលគ្មានច្បាប់គ្រប់គ្រងទៅវិញ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN












