កាលពីពេលថ្មីៗនេះ សារបង្ហោះរបស់នារីវ័យក្មេងម្នាក់ បានអង្រួនបេះដូងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ឲ្យកើតក្តីអាណិតអាសូរ និងសោកស្តាយជាពន់ពេក រួមទាំងក្តីហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះសារដ៏សែនឈឺចាប់ ដោយបានអះអាងយ៉ាងច្បាស់ៗថា ឪពុករបស់នាង ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងក្រៀមក្រំជាទីបំផុត ដោយសារតែមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នេះបើយោងតាមនារីជាកូនស្រីរបស់អ្នកជំងឺដែលមានគណនីហ្វេសប៊ុកឈ្មោះ «SreyPich Thou» កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានបង្ហោះសារទាំងក្តីឈឺចាប់យ៉ាងវែងអន្លាយបែបនេះថា៖ «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ! តើមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ? កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី២៦ ខែមករា ប៉ាខ្ញុំមានអាការសន្លប់បាត់បង់ស្មារតី ខ្ញុំ និងម៉ាក់របស់ខ្ញុំបានដឹកប៉ាមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្សី។ មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំនោះទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុន ដោយចំណាយពេលជាង ៤០នាទី។ បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហើយ ពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេ call ដាស់ពេទ្យស្កែន និងតម្រូវឱ្យបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់ពីថតរួច គេអូសប៉ារបស់ខ្ញុំទៅថតស្កែន១កន្លែងទៀត ដោយក្រុមតែ១នាក់គត់ ហើយពេលនោះរឿងដដែលក៏កើយតឡើង ដោយនៅពេលដល់បន្ទប់ស្កែន គេត្រូវចំណាយពេលcall ដាស់ពេទ្យម្តងទៀត។ មិនមានការជួយសង្គ្រោះបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡើយ គាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង ៤:៣០នាទី ដោយលទ្ធផលបង្ហាញថា ប៉ាខ្ញុំត្រូវដាច់សរសៃក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំ និងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ»។
ម្ចាស់គណនីដដែលបានបន្តឲ្យដឹងទៀតថា៖ «រឿងដែលហួសចិត្តជាងនេះទៅទៀត នៅពេលដែលខ្ញុំ យកប៉ាចេញទៅព្យាបាលបន្តនៅវៀតណាម ខាងឡានសាមុយពេទ្យរុស្សីបានកាក់ឡានសាមុយដែលមកយកប៉ាខ្ញុំមិនឱ្យចូលមកយកនោះទេ ដោយនិយាយថា មន្ទីរពេទ្យ មិនអនុញ្ញាតឱ្យឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលការពិតនោះខ្ញុំបានផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញ ទៅជាមួយហើយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ។ លើសពីនោះទៅទៀត គាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតឱ្យបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហើយ ឬនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅហើយ។ រហូតដល់ម៉ោង៨ព្រឹកទើបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហើយ។ ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសព សូមអំពាវនាវឱ្យរដ្ឋាភិបាលរកយុត្តិធម៌ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង»។
តែក្រោយព័ត៌មានការចោទប្រកាន់នេះបានផ្ទុះឡើង រហូតសារព័ត៌មាន RFI ចុះផ្សាយ ស្រាប់តែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញលិខិតបំភ្លឺឆ្លើយតប ដោយបញ្ជាក់យ៉ាងច្បាស់ៗបែបនេះថា៖ «មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សូមធ្វើការស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២ និង៣៧នាទីរំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគ អមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេសដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាល បណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយវេជ្ជសាស្ត្រផ្សេងៗ រួមទាំងការវះកាត់ខួរក្បាលផងដែរ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជា ព័ត៌មាន និង សូមអរគុណចំពោះមតិកែលម្អ»។
ទោះជាយ៉ាងណា ក្រោយពីបានឃើញលិខិតស្រាយបំភ្លឺមួយនេះ ជាហេតុធ្វើឲ្យមហាជនពុំត្រឹមមិនរសាយបាត់កំហឹងនោះទេ គឺរឹតតែធ្វើមានក្តីហួសចិត្តកាន់តែខ្លាំង ព្រោះម្នាក់ៗបានយល់ឃើញថា ការបំភ្លឺរបស់មន្ទីរពេទ្យហាក់ដូចជាការបកស្រាយយករួចខ្លួនប៉ុណ្ណោះ។ ក្នុងនោះ មហាជនជាច្រើនបានបញ្ចេញមតិរិះគន់ឡើងព្រោងព្រាតថា៖ «មិនដែលចេះទទួលខុសត្រូវអីតិចសោះ ខ្ញុំក៏ធ្លាប់ជួបផ្ទាល់ដែរករណីហ្នឹង។ បុណ្យបាប ស្ថិតលើលោកអ្នកប្រព្រឹត្ត, អានការបកស្រាយមួយចប់ អត់ដឹងបកស្រាយពីអ្វី? បកស្រាយមិនចំបញ្ហា, ជីវិតមនុស្សថ្លៃណាស់ ស្លាប់ហើយមិនអាចកើតស្អែកវិញបានទេ យើងពាក់អាវសនាមអ្នកសង្រ្គោះ ជួយគេអោយរស់សិនចាំយកលុយតាមក្រោយ, ខ្ញុំឆ្ងល់ណាស់ពូ បើទទួលស្គាល់ការពិត ដកចេញ ឬព្យួរការងារ ម្នាក់ពីរនាក់ទៅ វាងាប់ឬយ៉ាងម៉េច? ធ្វើឱ្យតែគេជេរ ជេរពេទ្យទូទាំងប្រទេសដោយសារតែប៉ុន្មាននាក់ដែលគ្មានគុណធម៌ណុង។ ខ្ញុំសូមលើកដៃ 10 ថ្វាយបង្គំ ឈប់ប្រកាន់យកមាយាទគ្មានភាពថ្លៃថ្នូរបែបនេះទៀតទៅ បើថាជាជ្រុលជាបកស្រាយហើយ ខំកាត់ ត បង្ហាញវីដេអូកាមេរ៉ាខ្លះៗមកក៏អាចបន្លំភ្នែកប្រជាជនបានតិចតួចដែរ កុំឆ្លើយកុហក លើគោកដោយគ្មានខ្មាស់អៀនបែបនេះ, រៀនទទួលស្គាល់ការពិតខ្លះផងលោកព្រះ ទទួលស្គាល់រួចក៏កែលម្អទៅ។ ចេញមកតែបែបៗនេះ មិនឱ្យពលរដ្ឋខ្មែររត់ទៅព្យាបាលនៅក្រៅប្រទេសយ៉ាងម៉េចកើត បើពេទ្យនៅស្រុកខ្មែរមួយចំនួនគ្មានទំនួសខុសត្រូវផង»។
ជាមួយគ្នានេះផងដែរ នារីជាកូនស្រីកូន នៅថ្ងៃនេះ (ទី៣០ ខែមករា ឆ្នាំ២០២៤) ក៏បានឆ្លើយតបចំពោះលិខិតស្រាយបំភ្លឺនេះថា៖ «ក្នុងមានខ្ញុំជាក្រុមគ្រួសារសព ក៏ដូចជាប្រជាជនខ្មែរម្នាក់ក្នុងចំណោមរាប់ម៉ឺននាក់អ្នកដែលជួបរឿងនេះ ពិតជាមានការឈឺចាប់ណាស់។ ស្ថាប័ននៅតែគាំទ្រ បុគ្គលិកនិងកត្តិយសស្ថាប័នខ្លួនជាជាងទទួលយកការពិត មិនឃើញទទួលស្គាល់ហើយយកមកកែតម្រូវ ព្រោះការតែការមានះនេះហើយ ទើបបងប្អូនអស់ជំនឿចិត្ត និងមានជនរងគ្រោះច្រើនបែបនេះ (បើទោះបីមានការសង្គ្រោះច្រើន ក៏ប្រជាជនដែលត្រូវរងគ្រោះក៏មិនតិចដែរ) ចំណុចគោលរួមដែលនាងខ្ញុំបានលើកឡើងគឺទៅលើ៖ – គ្មានអ្នកប្រចាំការគ្រាប់គ្រាន់ មានការយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ -ត្រូវរង់ចាំពេទ្យខលដាស់គ្នា (lack of communication) -រឿងបង់លុយមុន ហើយនៅតែបានទាន់យកទៅស្កែន -មិនមានការសង្គ្រោះបឋមត្រឹមត្រូវនិងការយកចិត្តទុកដាក់ ទុកទាល់តែប៉ារកខ្យល់ -រឿងឡានសាមុយទារលុយ និងស្កាក់មិនអោយយកទៅក្រៅនិងប្រើពាក្យពេចន៍ខ្វះក្រមសុជីវៈធម៌ (រួមទាំងមានវីឌីអូភស្តុតាង) ឯណាការបកស្រាយលើចំណុចទាំងនេះ? តើមានវិធីសាស្រ្តណាដែលល្អជាងការបកស្រាយជាងការបកស្រាយបំភ្លឺទេ? ឬក៏ត្រូវអោយមានករណីនេះបន្តកើតមានឡើងលើប្រជាពលរដ្ឋផ្សេងៗទៀត?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង