Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​ប៊ូ​ហ្វេ​បញ្ចេញ​អតិថិជន​មួយ​ក្រុម លួច​យក​អាហា​រ ១០ គីឡូ ដាក់​ក្នុង​កាបូប​ដ៏​ធំ ហើយ​ជា​លទ្ធផល​ត្រូវ​រង​ការ​ពិន័យ​យ៉ាង​ចាស់ដៃ

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ គេហទំព័រ kenh14 របស់វៀតណាម បានរាយការណ៍ថា ភោជនីយដ្ឋានប៊ូហ្វេគ្រឿងសមុទ្រមួយកន្លែងនៅទីក្រុងហាណូយ បានចេញមកបង្ហាញនូវទង្វើដ៏អាម៉ាសរបស់ក្រុមអតិថិជនចំនួន ៧ នាក់ ដែលបានមកទទួលទានអាហារប៊ូហ្វេនៅភោជនីយដ្ឋានក្នុងតម្លៃ 409,000 ដុង (ប្រហែល ១៦ ដុល្លារ) ក្នុងមួយនាក់ មុនពេលចុងក្រោយ ពួកគេបានលួចអាហារយ៉ាងសម្ងាត់យកទៅផ្ទះ រួមមានបង្គា ក្តាម ត្រីឆៅ និងនំប៉ាវ សរុបទម្ងន់ជាង ១០ គីឡូក្រាម។

តាមរយៈឃ្លីបដែលហាងបានបង្ហោះនៅលើ TikTok និង Facebook បានបង្ហាញឲ្យឃើញថា បុគ្គលិកម្នាក់កំពុងឆែកឆេរកាបូបរបស់អតិថិជន និងបានដកហូត​យក​គ្រឿង​សមុទ្រ​មួយ​ចំនួន​ធំ​ ​ដាក់​លើ​ថាស។ មិន​មែន​មាន​តែ​ម្នាក់ ឬ ២​នាក់​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ទាំង​អស់គ្នា​បានលួច​ដាក់​ក្នុង​កាបូបរៀងៗខ្លួន ​ដើម្បី​យកទៅ​ផ្ទះ។

ពេលដែលវីដេអូឃ្លីបនេះ ត្រូវបានផ្សព្វផ្សាយ បានក្លាយជាការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត រហូតដល់ជាង ៧.៦ លាននាក់ បានមើល ហើយពួកគេភាគច្រើន បានស្តីបន្ទោសចំពោះទង្វើរបស់អតិថិជន ដែលមិនគោរពច្បាប់នៃការញ៉ាំអាហារប៊ូហ្វេ ដែលមិនត្រូវយកអាហារដែលនៅសេសសល់ ទៅផ្ទះឡើយ។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយមានអតិថិជន ៧ នាក់ មកញ៉ាំអាហារប៊ូហ្វេនៅតុមួយ។ អំឡុងពេលនោះ បុគ្គលិកបានកត់សម្គាល់ឃើញថា ពួកគេតែងតែដើរជុំវិញកន្លែងនាំយកគ្រឿងសមុទ្រមកតុ។ ប៉ុន្តែនៅពេលដែលពួកគេទៅបោសសម្អាតតុ ផ្ទុយទៅវិញមិនមានបង្គា ក្តាម ឬសូម្បីតែសំបកនៅលើតុនោះទេ។ ដូច្នេះបុគ្គលិកហាងក៏មានការសង្ស័យ។

ពេលធ្វើការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ពួកគេបានរក​ឃើញ​ថា ​អតិថិជន​ពិត​ជាបាន​លួច​ដាក់​ម្ហូប​ក្នុង​កាបូប​ដែល​លាក់​នៅ​ក្រោម​តុ ដែលត្រូវបានហៅថាជា ការញ៉ាំនិងលាក់ទុក។ ដូច្នេះ​ហើយ​ពេល​អតិថិជន​មួយ​ក្រុម​នេះ​ហូប​ចប់ បុគ្គលិក​ក៏​ប្រញាប់​នាំ​ពួក​គេ​ទៅកន្លែងសួរនាំ​ ហើយ​បាន​សុំ​ឆែកឆេរ​កាបូប។ ដំបូង​អតិថិជន​បានបដិសេធ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការត្រួតពិនិត្យ​ទេ ដោយអះអាង​ថា​មាន​តែ​សម្លៀក​បំពាក់​ក្នុង​កាបូបប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​ឃើញ​វីដេអូ CCTV ទីបំផុត​ ពួកគេ​ក៏​យល់ព្រម​ឆែកឆេរ​កាបូប​។ ហើយលទ្ធផល គឺដូចបានបង្ហាញក្នុងឃ្លីប ដោយមានបង្គា ក្តាម ត្រីឆៅ និងនំប៉ាវជាច្រើន នៅក្នុងថង់ ទម្ងន់​សរុប​នៃ​អាហារ​ដែល​លាក់​ទុក​ជាង​១០​គីឡូក្រាម!។

បន្ទាប់ករណីនេះកើតឡើង ​ហាង​ត្រូវ​ធ្វើ​តាម​ច្បាប់ ដោយស្នើឱ្យអតិថិជនបង់ប្រាក់ពិន័យសម្រាប់អាហារដែលនៅសេសសល់ទាំងនេះ។ ប៉ុន្តែក្រុមអតិថិជនមិនយល់ព្រម ហើយ​បាន​សុំ​ប៉ូលិស​ជួយ ប៉ុន្តែ​នៅ​ទី​បំផុត ពួក​គេ​ត្រូវ​បាន​ភោជនីយដ្ឋាន​ផាក​ពិន័យ​ ចំពោះ​បរិមាណ​អាហារ​ដែល​ពួក​គេ​បានលួច​យក​ទៅ​ក្រៅ។ ការផាកពិន័យនេះត្រូវបានគេរំពឹងថា នឹងលើសពី ៦ លានដុង (ប្រហែលជាង ២០០ ដុល្លារ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×