ភ្នំពេញ ៖ លោស្រី ឆាយ សុវណ្ណ និងស្វាមី ឈ្មោះ ធន សារ៉ាយ ប្រធានសមាគមអាដហុក (ADHOC) ត្រូវបានគេប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បានគេចវេសមិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះ ជូនរដ្ឋលើថ្លៃឈ្នួលផ្ទះរបស់ខ្លួន ដែលបានជួលឲ្យសមាគមអាដហុក កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់បន្ថែមថា “យើងបានទទួលពាក្យប្តឹង (ពីបុគ្គលធ្វើការនៅ NGO ) ថាប្តីប្រពន្ធលោធន សារាយ បានប្រព្រឹត្តពុករលួយ ដោយមិនបង់ប្រាក់ពន្ធថ្លៃជួលផ្ទះ (ពន្ធកាត់ទុក) (ពាក្យប្តឹងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨) ដើម្បីមានមូលដ្ឋានឲ្យ អ.ប.ព បើកការស៊ើបអង្កេតបាន ឬអត់ អ.ប.ព បើកការស្រាវជ្រាវប្រមូលព័ត៌មន ហើយព័ត៌មាន ឯកសារ ភស្តុតាង ដែលយើងប្រមូលបានបង្ហាញថា ៖ ១) នេះមិនមែនជាករណីពុករលួយទេ ព្រោះលោក ធន សារាយ មិនបានសូកអ្នកណា ហើយមន្ត្រីពន្ធដារមិនបានទារសំណូល ឬទារប្រាក់អ្វីបន្ថែមអ្វីដែរ ។ ប្រសិនបើអ្នកទាំងពីរប្តីប្រពន្ធមិនបានបង់ពន្ធមែន វាជាបទល្មើស ស្ថិតក្នុងសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ មិនស្ថិតក្នុងសមត្ថកិច្ច អ.ប.ពទេ។ អ្នកទាំងពីរ ពិតជាបានជួលផ្ទះរបស់ខ្លួនឲ្យទៅអង្គការរបស់ខ្លួនមែន ហើយបានបង់ពន្ធកាត់ទុកគ្រប់ចំនួន នេះបើយោងតាមប្រព័ន្ធកំព្យូទ័រ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦មក។ មូលដ្ឋានពីរខាងលើ មិនអាចឲ្យ អ.ប.ព អាចបើកការស៊ើបអង្កេត តាមពា្យប្តឹងនេះបានទេ។
ចំណែកអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសផងដែរថា ផ្អែកលើមូលដ្ឋានច្បាប់ នៅពេលសហគ្រាលអ្នកជាប់ពន្ធណាមួយ ត្រូវបានរកឃើញថាអនុវត្តកាតព្វកិច្ចពន្ធដារមិនបានត្រឹមត្រូវ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការជូនដំណឹងដល់អ្នកជាប់ពន្ធនោះ អំពីកង្វះខាតក្នុងការបំពេញ កាតព្វកិច្ចពន្ធដាររបស់ខ្លួន ឬជូនដំណឹងស្តីពីការចុះធ្វើសវនកម្មពន្ធដារ តាមវិធានការនិងនីតិវិធី ដែលបានកំណត់ដោយច្បាប់។ ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារមិនមានហេតុផលណាមួយ ទាំងផ្នែកទិដ្ឋភាពច្បាប់ ទាំងក្នុងការអនុវត្តជាក់ស្តែង ក្នុងការប្តឹងអ្នកជាប់ពន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយគ្រាន់តែការខនខានមិនបានបង់ប្រាក់ពន្ធ លើថ្លៃឈ្នួលផ្ទះបែបនេះ នោះឡើយ។ ជាក់ស្តែង សូម្បីតែលោកធន សារាយ ផ្ទាល់ ដែលជាប្រធានសមាគមអាដហុក ក៏បានបញ្ជាក់ច្បាស់តាមរយៈបទសម្ភាសន៍ របស់លោកថានេះមិនមែនជាបណ្តឹងធ្វើឡើយដោយអគ្គនាយកដ្ឋានពន្ធដារទេ គឺអាចជាបុគ្គលិកណាម្នាក់ ជាអតីតបុគ្គលិករបស់សមាគមអាដហុក ដែលមានការថ្នាំងថ្នាក់ នឹងសមាគម ទើបបណ្តាលឲ្យគាត់សម្រេចចិត្តធ្វើបែបនេះ។ អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នអនុវត្តច្បាប់ មានបេសកកម្មប្រមូលចំណូលពន្ធ ហើយក៏មិនមានចេតនានយោបាយ ឬចេតនាផ្លូវច្បាប់ណាមួយ ដើម្បីរកលេសក្នុងបំណងបង្អាក់សកម្មភាពការងាររបស់អង្គការសមាគម និងសារព័ត៌មានឯករាជ្យ ដូចការចោទប្រកាន់ នាពេលកន្លងមកនោះទេ។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា តាមការស្រាវជ្រាវប្រមូលព័ត៌មាននៃការគ្រប់គ្រងអចលនទ្រព្យ និងការបំពេញកាតព្វកិច្ចសារពើពន្ធលើឈ្នួលផ្ទះ និងដីខាងលើ ស្ថិតនៅក្នុងភូមិសាស្ត្រ នៃការគ្រប់គ្រង់ប្រមូលចំណូលពន្ធ របស់សាខាពន្ធដារខណ្ឌដូនពេញ បានបង្ហាញថា អាសយដ្ឋានផ្ទះលេខ៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានលេខសញ្ញាណកម្មអចលនទ្រព្យ ០២១០០២៦៧៣៧ ថ្ងៃខែឆ្នាំចុះបញ្ជីពន្ធដារ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ បានជួលទៅឲ្យសមាគមអាដហុក តំណាងដោយលោក គា អ៊ិន មានលេខអត្តសញ្ញាណកម្មជួលអចលនទ្រព្យ ROOM-១៦០០០១៤៥៣ ចុះថ្ងៃខែឆ្នាំចាប់ផ្តើមជួលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ក្នុងមួយខែតម្លៃ ឈ្នួលចំនួន៩.២០០.០០០រៀល ។ ផ្អែកតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចាប់ផ្តើមដាក់ដំណើរកាលពីខែ មករាឆ្នាំ២០១៦ មក បានបង្ហាញថា ម្ចាស់ផ្ទះជាកម្មសិទ្ធិករខាងលើក៏បានបំពេញកាតព្វកិច្ចសារពើពន្ធដោយបានបង់ប្រាក់ពន្ធកាត់ទុកលើឈ្នួលផ្ទះ និងដីចំនួន១០ភាគរយ គឺ៩២០.០០០រៀល ស្នើនឹងចំនួន២៣០ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ២០១៦ (ពីខែមករា រហូតដល់ខែធ្នូ) បានត្រឹមត្រូវ ។ ចំពោះទិន្នន័យក្នុងឆ្នាំ២០១៥ វិញ អគ្គនាយកដ្ឋានពន្ធដារ មិនមានទេ ព្រោះមិនទាន់បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Single Invoices នៅឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ