Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖

១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
២. បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។
សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×