ភ្នំពេញ ៖ ឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានថ្លែងផ្តល់អនុសាសន៍ដល់នាយកដ្ឋានជំនាញរបស់អគ្គនាយកដ្ឋានពន្ធនាគារ និង អង្គភាពពន្ធនាគារ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ អភិវឌ្ឍនៅគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដើម្បីគៀរគរប្រភពធនធាន គាំទ្រក្នុងការអនុវត្តកម្មវិធីរបស់ពន្ធនាគារ ។

ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសប្រកាសបិទកម្មវិធីសិក្ខាសាលា ស្តីពី “សុខភាពក្នុងពន្ធនាគារ ដោយផ្តោតលើសុខភាពផ្លូវចិត្ត និងបរិយាបន្នសង្គម” រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍មួយចំនួន នាយកដ្ឋានជំនាញរបស់អគ្គនាយកដ្ឋានពន្ធនាគារ និង អង្គភាពពន្ធនាគារ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ អភិវឌ្ឍនៅគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ដើម្បីគៀងគរប្រភពធនធាន គាំទ្រក្នុងការអនុវត្តកម្មវិធីរបស់ពន្ធនាគារ ជាពិសេស ការគាំទ្រពង្រឹង និងលើកកម្ពស់សេវាសុខភាពពន្ធនាគារឲ្យកាន់តែប្រសើរឡើងថែមទៀត។

បើតាមឯកឧត្តម អគ្គនាយក , ត្រូវយកចិត្តទុកដាក់ការងារអប់រំសុខភាពផ្លូវចិត្ត តាមរយៈការអប់រំទស្សនវិទ្យាចិត្តសាស្ត្រ ឬការអប់រំបែបជំនឿសាសនា ឬ ចលនាបន្ថយភាពតានតឹង។ ត្រូវប្រកាន់ភ្ជាប់ភាពជាអ្នកដឹកនាំ ពង្រឹងលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈ ឆ្លើយតបដោយប្រសិទ្ធភាព និងបរិបទការងារ នៃគោលនយោបាយរដ្ឋាភិបាលឌីជីថល។ សូមយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីសិក្ខាសាលានៅពេលនេះ ដើម្បីយកទៅអនុវត្តឲ្យចេញជាសកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃ។ ចែករំលែកបទពិសោធន៍ ឬធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីលទ្ធផល នៃសិក្ខាសាលានេះដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីជាមូលដ្ឋានចំណេះដឹង និងការអនុវត្ត។

គួររំលឹកផងដែរថា ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសបើកកម្មវិធីសិក្ខាសាលា ស្តីពី “សុខភាពក្នុងពន្ធនាគារ ដោយផ្តោតលើសុខភាពផ្លូវចិត្ត និងបរិយាបន្នសង្គម” ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីលោក គីកេហ្វីហ្គារីដូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា និងឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន សិក្ខាកាមជាប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធសរុប ៥៧រូប។

ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណ ចំពោះលោក គីកេហ្វីហ្គារីដូ ប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងបេសកកម្មភាពជាដៃគូដ៏ល្អគាំទ្រលើកស្ទួយដល់វិស័យពន្ធនាគារកម្ពុជា ជាពិសេសការលើកកម្ពស់សុខមាលភាព និងសុខភាពជនជាប់ឃុំ ដើម្បីឱ្យពួកគេទាំងនោះមានលទ្ធភាពទទួលបាននូវសេវាសុខភាព និងការអប់រំផ្លូវចិត្តមានលក្ខណៈប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើមួយចំនួនដល់សិក្ខាកាម៖ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់ការបង្ហាត់បង្ហាញរបស់វាគ្មិន។ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ ធ្វើជាមូលដ្ឋានក្នុងការជួយបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍអង្គភាព៕








