Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនចិន CATIC បានបង្ហាញអំពីបច្ចេកទេសថ្មី នៃការបង្ហោះដ្រូនធុន CW-15 និង CW-40 ដល់កងយោធពលខេមរភូមិន្ទ

កំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីការបង្ហាញ និងការបង្ហោះដ្រូន ធុន CW-15 and CW-40 (ប្រភេទអាកាសយាន្តគ្មានមនុស្សបើក)របស់ក្រុមហ៊ុន CATIC ប្រទេសចិន ជូនដល់កងយោធពលខេមរភូមិន្ទ ខណៈកម្មវិធីបង្ហាញនេះ គឺបានធ្វើឡើងនៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងយ៉ាងដូច្នេះថា ក្រុមហ៊ុនចិន CATIC បានបង្ហាញអំពីបច្ចេកទេសថ្មី នៃការបង្ហោះដ្រូនធុន CW-15 និង CW-40 ដល់កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅឯព្រលានយន្តហោះយោធាខេត្តកំពង់ឆ្នាំង ដែលដ្រូនទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បម្រើឱ្យការស៊ើបការណ៍ និងកិច្ចការយោធា។

ការបង្ហាញការបង្ហោះដ្រូនធុន CW-15 និង CW-40 គឺជាកិច្ចសហការថ្មីមួយទៀតរវាង កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន តាមរយៈ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ដើម្បីបង្ហាញពីលក្ខណៈបច្ចេកទេសដ្រូន មុខងារ និងតួនាទីរបស់ដ្រូន ក្នុងគោលដៅបម្រើកិច្ចការស៊ីវិល និងកិច្ចការយោធា។ កន្លងទៅ CATIC ក៏បាននាំចេញមកឱ្យកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដូចជា យន្តហោះ និងគ្រឿងបរិក្ខារអាកាសចរណ៍ ដូចជា៖ Y-12 និង Z-9 ជាដើម។

បច្ចុប្បន្ន បច្ចេកវិទ្យាពិភពលោកកាន់តែទំនើប ជាពិសេសការប្រើប្រាស់ដ្រូន នៅក្នុងកិច្ចការយោធា ដូចជាការស៊ើបការណ៍ ការវាយកម្ទេច ការទប់ទល់គ្រប់ស្ថានភាព និងគ្រប់គ្រងអាកាសធាតុជាដើម ដែលកត្តានេះហើយបានធ្វើឱ្យបណ្តាប្រទេសជាច្រើន ខិតខំពង្រឹងពង្រីកគ្រឿងបំពាក់ដ្រូនតាមសេចក្តីត្រូវការជាក់ស្ដែងរបស់ខ្លួន ហើយកម្ពុជាក៏ត្រូវបន្តធ្វើទំនើបកម្មយោធា ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុងប្រទេសផងដែរ។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងអង្គភាពក្រោមចំណុះ បន្តធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព ដោយផ្តោតលើ៣ចំណុច ដើម្បីធានាដល់និរន្តរភាពសមត្ថភាព ការពារជាតិរបស់កម្ពុជា ក្នុងនោះរួមមាន៖ ទី១. ការកែសម្រួលរចនាសម្ព័ន្ធ និងរបៀបរបបការងារ, ទី២. ការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងទ័ព និងទី៣. ការងារបំពាក់គ្រឿងយុទ្ធោបករណ៍ទាន់សម័យ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×