មហាអំណាចយោធាពិភពលោក អាមេរិច បានហាមប្រាមកងទ័ពរបស់ខ្លួនទាំងអស់ដែលកំពុងតាំងមូលដ្ឋាននៅក្នុងប្រទេសប៉ុន មិនឲ្យផឹកស្រា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតនៅលើកោះអូគីណាវ៉ា (Okinawa) ទាក់ទងនឹងការស្រវឹងបើកបរ។
ទាហ៊ានអាមេរិច ដែលតាំងមូលដ្ឋាននៅលើកោះអូគីណាវ៉ា ក៍ត្រូវបានហាមមិនឲ្យចេញពីមូលដ្ឋាន និងកន្លែងរស់នៅរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់យោធាអាមេរិច ហើយត្រូវបានចុះផ្សាយដោយសារព៌តមាន BBC នៅរសៀលថ្ងៃទី ២០នេះ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទាហ៊ានអាមេរិចបានបើករថយន្តដឹកទំនិញរបស់ខ្លួន បុកជាមួយនឹងរថយន្តដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿង បណ្តាលឲ្យអ្នកបើកបររថយន្តដឹកអ្នកដំណើរស្លាប់បាត់បង់ជីវិត។
កោះអូគីណាវ៉ា មានកងទ័ពអាមេរិចជាងពាក់កណ្តាល ក្នុងចំណោមកងទ័ពអាមេរិចទាំងអស់ដែលកំពុងតាំងមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។
នៅក្នុងសេចក្តីប្រកាស យោធាអាមេរិចបានបញ្ជាក់ថា សមាជិករបស់ខ្លួនម្នាក់មានគ្រោះថ្នាក់ចរាចរណ៍ ហើយគ្រោះថ្នាក់នោះបណ្តាលមកពីការបើកបរស្រវឹង។
ការតាំងមូលដ្ឋានរបស់កងទ័ពអាមេរិចនៅលើកោះអូគីណាវ៉ាគឺជាផ្នែកមួយនេះការរក្សាសន្តិសុខរវាងអាមេរិច និងជប៉ុន។ នៅលើកោះនោះមានទាហ៊ានអាមេរិចចំនួន ២៦.០០០នាក់៕ សុភ័ក្ត្រ