ខេត្តកំពង់ចាម ÷ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តព្រៃវែង ព្រមទាំងសហការីជាច្រើននាក់បានចុះពិនិត្យទំនប់បង្ហៀរទឹកទន្លេវ៉ៃកូ ដែលមានទីតាំងស្ថិតនៅ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ជាមួយស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដើម្បីចែករំលែកទឹកដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ បានស្រោចស្រព្យច្បារដំណាំនិងធ្វើស្រែចម្ការ ដោយបានប្រើម៉ាស៊ីនបូមទឹកខ្នាតធំបូមទម្លាក់ចូលប្រឡាយសង្គ្រោះស្រូវជាង ១ម៉ឺនហិចតា ស្ថិតនៅក្នុងខេត្តព្រៃវែងផងដែរ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានប្រាប់ឱ្យដឹងថា បងប្អូនប្រជាកសិកររស់នៅសងខាងទន្លេតូចក្នុងភូមិសាស្ត្រទាំងពីរតំបន់នេះ គឺព្រំប្រទល់ស្រុកកោះសូទិន ខេត្តកំពង់ចាម និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ពោលគឺ អ្នកនៅជិតទន្លេ គឺមិនមានខ្វះទឹកសម្រាប់ប្រើប្រាស់ស្រោចស្រព្យដំណាំស្រូវព្រមទាំងដំណាំរួមផ្សំផ្សេងទៀតនោះទេ ប៉ុន្តែអ្នកនៅឆ្ងាយពីនេះគឺខ្សត់ទឹកតែម្ដង។

លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ថ្លែងថា ខាងស្រុកកោះសូទិន ខេត្តកំពង់ចាម មិនជាខ្វះទឹកប្រើប្រាស់សម្រាប់ដំណាំនោះទេ, ប៉ុន្តែ នៅឯស្រុកមួយចំនួននៃខេត្តព្រៃវែងឯណោះវិញ បងប្អូនប្រជាកសិករនាំគ្នាដាំដុះដំណាំស្រូវក្នុងរដូវប្រាំងដែលមានរហូតដល់ជាង ១ម៉ឺនហិកតា កំពុងតែជួបកង្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ។ ដោយមើលឃើញបែបនេះក្រោមកិច្ចសហការល្អរវាងអាជ្ញាធរខេត្តព្រៃវែង និងខេត្តកំពង់ចាម បានស្រុះស្រួលគ្នាចុះមកពិនិត្យមើលទីតាំងប្រព័ន្ធបង្ហៀរទឹកនៅឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីបូមទឹកទម្លាក់ចូលទៅក្នុងប្រឡាយស្រោចស្រពសង្គ្រោះដំណាំស្រូវក្នុងខេត្តព្រៃវែង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី











