ខេត្តសៀមរាប ÷ សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ ៧ចំណុច ដើម្បីចូលរួមលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា ឱ្យមានការផលិត កែច្នៃ និងមានទីផ្សារកាន់តែខ្លាំងក្លា នៅលើទីផ្សារអន្តរជាតិ ÷

ទី១- ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ក្នុងគោលដៅជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង តាមដាន និងវាយតម្លៃ,
ទី២- ក្រសួង-ស្ថាប័ន និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និងចូលរួមអនុវត្តឱ្យបានពេញលេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក,
ទី៣- ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និងចូលរួមព្រឹត្តិការណ៍ធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះឱ្យបានញឹកញាប់,

ទី៤- វិនិយោគិនទាំងក្នុង និងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់,
ទី៥៖ .ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា,
ទី៦- វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ,
ទី៧- ស្នើសុំភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
















