Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយពុំមានពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើង ជុំវិញការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាមន្រ្តីគណបក្សភ្លើងទៀន មានឈ្មោះ ម៉ា ចិន្តា និងឈ្មោះ ហាក់ កុសល តាមដីកាបង្កាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយពុំមាន ហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាដោយក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១នឹង១៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយផែនការងារសន្តិសុខ ស្រាវជ្រាវនាំខ្លួនជនត្រូវចោទចំនួន០២នាក់ នៅចំណុចផ្លូវ១៣០កែង១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍ រាជធានីភ្នំពេញ និងបន្តនាំខ្លួនបានម្នាក់ទៀត នៅចំណុចតាមបណ្តោយផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ១៧២.ដ.ច.ន និងលេខ១៧៣ ដ.ច.នចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចេញដោយលោក ស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បានឲ្យដឹងថាជនត្រូវចោទ ត្រូវបានឃាត់ខ្លួនពីបទៈ ក្លែងបន្លំនិង ប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍ដដែលបន្តថា ជនត្រូវចោទទី១-ឈ្មោះ ម៉ា ចិន្តា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិកំរាម សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ សារធាតុញៀន និងជំងឺកូវិដ-១៩ (គ្មាន)។ ជនត្រូវចោទទី២-ឈ្មោះហាក់ កុសល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សារធាតុញៀន និងជំងឺកូវីត-១៩(គ្មាន )។ សម្ភារៈចាប់យក ទូរស័ព្ទដៃ២គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ លើបុគ្គលចំនួន ០២នាក់៖
១-ឈ្មោះ ម៉ា ចិន្តា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៧២ ដ.ច.ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
២-ឈ្មោះ ហាក់ កុសល ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៧៣ ដ.ច.ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចគឺអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំខ្លួនជនខាងលើប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយពុំមាន ហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមិនត្រូវមានការភាន់ច្រឡំចំពោះ ព័ត៌មានបំផ្លើសរបស់គណបក្សភ្លើងទៀនឡើយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×