ភ្នំពេញ ៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះរង្វាន់មេដាយមាសឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ក្រោយពីប្រកួតប្រជែងជាមួយនឹងផលិតផលឌីជីថល សេវាកម្ម និងកម្មវិធី ចំនួន ១២៥មុខ នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០, ហើយជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់។

ស្ថីពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ សាធារណជនគួរជ្រាបថា ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៉ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយកំណត់ថា បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែម គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។
ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងមុំទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថល ឆ្ពោះទៅសង្គមឌីជីថល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរក្នុងកម្រិតអន្តរជាតិផងដែរ។
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Faceboo និង Telegram, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារអបអរសាទរ ដែលនេះគឺជាការអភិវឌ្ឍន៍ខ្លួនទៅមុខមួយជំហានទៀតរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN








