Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ ដាក់ឲ្យអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់កម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២រួចមក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣។ សម្រាប់ដំណាក់កាលទី១ បានចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំ២០១៧ និង «ដំណាក់កាលទី២» បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ចំណែក «ដំណាក់កាលទី ៣នេះ ជាដំណាក់កាលចុងក្រោយ ដែលនឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាស្តីពី ការអនុវត្តគម្រោងបព្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣ នៅថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងវិវត្តជាប្រចាំ ការផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញហិរញ្ញវត្ថុ ដូចជា ការយល់ដឹងអំពីប្រាក់ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ជាការងារចាំបាច់ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។

លោកជំទាវបញ្ជាក់ថា កង្វះចំណេះដឹង ផ្នែកហិរញ្ញវត្ថុអាចធ្វើឱ្យសិស្សានុសិស្ស ឬយុវជនអាចប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុរបស់ពួកគេ ដូចជា ធ្លាក់ក្នុងស្ថានភាពមានបំណុល ឬការវិនិយោគមិនល្អ ដែលបណ្ដាលមកពីការសម្រេចចិត្តមិនត្រឹមត្រូវ។ លើសពីនេះ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាវិធីសាស្រ្តរួមដែលនឹងជួយបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការគិតពិចារណា និងជំនាញដោះស្រាយបញ្ហា ដែលជាគុណសម្បត្តិដ៏មានតម្លៃសម្រាប់ ភាពជោគជ័យសម្រាប់បុគ្គលម្នាក់ៗ។ ម៉្យាងទៀត ការបង្ក្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅ ក្នុងកម្មវិធីសិក្សាចំណេះទូទៅ គឺជាការវិនិយោគនាពេលអនាគត ព្រោះវាមិនត្រឹមតែជួយ បុគ្គលក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ សុខុមាលភាព និងស្ថិរភាពនៃសង្គមរបស់យើងផងដែរ។

សូមជម្រាបថា ការពិភាក្សាលើគម្រោងបញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅ បានធ្វើឡើងតាំងពីឆ្នាំ ២០១៧ ដោយបានឯកភាពគ្នាជារួម លើការកំណត់គោលដៅរយៈពេលវែង ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធី សិក្សាចំណេះទូទៅចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ជាពិសេសលើមុខវិជ្ជាពាក់ព័ន្ធនឹង រូបិយវត្ថុ ផែនការនិងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ៕ 

×