ខេត្តកំពង់ចាម ÷ ទីលានចាក់សំរាមថ្មី លើផ្ទៃដីទំហំប្រមាណ ១៨ហិចតា ស្ថិតនៅឆ្ងាយពីភូមិឋានប្រជាពលរដ្ឋប្រមាណ ៦គីឡូម៉ែត្រ ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានរដ្ឋបាលខេត្តបង្កើតឡើងសម្រាប់ប្រមូលសំរាមយកមកស្តុកទុកនៅទីនេះ ខណៈផ្លូវបេតុងចេញ-ចូលក្នុងទីលាន ប្រវែងជាង ១,០០០ម៉ែត្រ កំពុងតែដំណើរការស្ថាបនា ហើយក្រុមមន្ត្រីអះអាងថា នឹងរកអ្នកជំនាញកែច្នៃសំរាមទៅជាជីកំប៉ុសសម្រាប់ដំណាំកសិកម្ម។

ទីលានចាក់សំរាមថ្មីនេះ មានអគារការិយាល័យ , អគារស្នាក់នៅកម្ពស់ ២ជាន់ , កន្លែងថ្លឹងរថយន្ត , អគារសម្រាប់ញែកសំរាម , អគាររោងជាង , អគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន , អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក , កន្លែងលាងសម្អាតរថយន្ត , អគារសម្រាប់ធ្វើជាកំប៉ុស , រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលព្រះអាទិត្យ។ ស្ថិតនៅក្បែរទីលានចាក់សំរាមនេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងស្ថាបនាផងដែរនូវអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាងទៀត ដើម្បីជួយធ្វើឱ្យបរិស្ថានល្អ។
ទទួលធ្វើការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងអេឡិចទ្រិច ខូអិលធីឌី, គម្រោងនេះ ត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

លោក ផន ផូ មេឃុំកោះរកា បានឱ្យដឹងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំចេះតែមានការកើនឡើង ក្នុងនោះ សំរាមក្នុងក្រុងកំពង់ចាម ក៏មានការកើនឡើងផងដែរ។ដោយមើលឃើញបញ្ហាប្រឈមមួយចំនួន អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចបង្កើតទីតាំងចាក់សំរាមថ្មីមួយនេះ មានភាពធំទូលាយ ហើយកាកសំណល់មិនបង្កឱ្យប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។
កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយលោកអភិបាលស្រុកកំពង់សៀម ព្រមទាំងសហការីជាច្រើននាក់ បានអញ្ជើញចុះពិនិត្យទីតាំងទីលានចាក់សំរាមថ្មីនេះ ក្នុងនោះ គឺមានក្រុមបច្ចេកទេសសម្រាប់កែច្នៃសំរាម ដោយធ្វើការញែកសំរាមទៅតាមប្រភេទនីមួយៗ ខ្លះផលិតជីកំប៉ុសសម្រាប់កសិករយកទៅដាក់ដំណាំ ស្រែ-ចំការ មិនប៉ះពាល់សុខភាព ធ្វើឱ្យទិន្នផលកើនខ្ពស់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី
















