រាជធានីភ្នំពេញ ÷ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើង សរុប ៣ ៣១៧លើក (ក្នុងនោះ ពេលយប់៥៥%) បណ្តាលឱ្យស្លាប់ ១ ៥៩០នាក់ និងរបួស ៤ ៥១៥នាក់ (ក្នុងនោះរបួសធ្ងន់ ២ ៧៦៦នាក់), សម្រាប់រាជធានីភ្នំពេញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេក្នុងចំណោមខេត្តទូទាំងប្រទេស។
របាយការណ៍ស្ដីពីតួលេខគ្រោះថ្នាក់ចរាចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានបង្ហាញក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គ្រោះថ្នាក់បានកើតឡើងនៅលើទីតាំងច្រើនជាងគេគឺ រាជធានីភ្នំពេញ មានចំនួន ៩៥០លើក , ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។ បើគិតក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ៣៤១លើក ស្មើ១១% (គឺ ៣ ៣១៧ / ២ ៩៧៦លើក) ចំនួនអ្នកស្លាប់ថយចុះ ១១៩នាក់ ស្មើ៧% (គឺ ១ ៥៩០ / ១ ៧០៩នាក់) និងចំនួន អ្នករបួសកើនឡើង ៤៨៩នាក់ ស្មើ១២% (គឺ ៤ ៥១៥ / ៤ ០២៦នាក់)។
មូលហេតុបង្កឱ្យកើតមានគ្រោះថ្នាក់ រួមមាន : បើកបរល្មើសល្បឿន ៤១% , មិនគោរពសិទ្ធិ ២២% , មិនប្រកាន់ស្តាំ៩% , បត់មិនប្រយ័ត្ន ៩% , វ៉ាជែងគ្រោះថ្នាក់៧% , កត្តាយាន ៥% , ស្រវឹង ៣% , ភ្លើង-សញ្ញា ១% , បញ្ហាសុខភាព-ងងុយ ១% , និងកត្តាអាកាសធាតុ ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១ ២៧៩ / ១ ៥៩០នាក់), មិនពាក់មួកសុវត្ថិភាពចំនួន ៦៩% (៨៨៨ / ១ ២៧៩នាក់)៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN








