រាជធានីភ្នំពេញ ÷ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បញ្ជាឱ្យសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ ផាកពិន័យ និងពិនិត្យយានយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៉ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។
ពិធីបូកសរុបលទ្ធផលការងារចរាចរណ៍ ដែលធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាត្រង់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវអនុវត្តការងារចរាចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់, ព្រោះថា ការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ទាំងភ្លើងហ្វា និងភ្លើងក្រហមខៀវ ក៏ដូចភ្លើងស៉ីរ៉ែនរបស់សមត្ថកិច្ច តែងកើតមានឡើងនៅលើរថយន្ដដឹកទំនិញធុនធំ ហើយកន្លងទៅយើងឃើញ និងជួបរថយន្ដទាំងនោះផ្ទាល់ពេលធ្វើដំណើរតាមបណ្ដាខេត្ត។

ក្រៅពីការបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ត្រូវពិនិត្យមើលរថយន្ដទាំងឡាយ ពិសេសរថយន្ដដឹកនាំទំនិញធុនធំ ដែលបិទស្ទឹកឃ័រអក្សរ ឬរូបភាពផ្សេងៗនៅលើកញ្ចក់ ឬដាក់រាំងនន ដែលធ្វើឱ្យបាំងគំហើញនៅពេលបើកបរ ហើយជាកត្តាងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃនៅតាមដងផ្លូវ។កន្លងទៅ ការអនុវត្តការងារនេះ ហាក់មិនទាន់មានប្រសិទ្ធភាពទាំងស្រុងនៅឡើយទេ ពោលគឺ យើងនៅបន្ដឃើញមានការដាក់វាំងនន ឬបិទអក្សរ ឬរូបភាពផ្សេងៗដោយផ្ទាល់តែម្ដង ហើយពេលខ្លះបើកកាត់គោលដៅសមត្ថកិច្ចតែម្ដង ដូច្នេះត្រូវពង្រឹងយកចិត្តទុកដាក់លើការងារនេះឡើងវិញនៅគ្រប់គោលដៅ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្កត់ថា ការអនុវត្តវិធានការទាំងអស់នេះ គឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈមក្នុងសង្គមនាពេលបច្ចុប្បន្ន។ ដោយឡែក ការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យសារធាតុស្រវឹង ក៏ត្រូវតែបន្ដអនុវត្តឲ្យបានព្រមៗគ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN














