Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រង់​ទិស​និស្សិត ដែល​កំពុង​សិក្សា ជំនាញ​នីតិសាស្ត្រ ដើម្បី​ឈាន​ចាប់​យក​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ​ដែល​ខ្លួន​ពេញចិត្ត​

​ភ្នំពេញ ​៖ សិក្ខាសាលា​ការផ្សព្វផ្សាយ​វិជ្ជាជីវៈ​តុលាការ មាន​គោលដៅ​ជួយ​តម្រង់​ទិស​របស់​និស្សិត ដែល​កំពុង​សិក្សា ជំនាញ​នីតិសាស្ត្រ ដើម្បី​ឈាន​ចាប់​យក​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ​ដែល​ខ្លួន​ពេញចិត្ត ជាពិសេស​ដើម្បី​តម្រង់​ទិស​ដល់​និស្សិត ឱ្យ​យល់​កាន់តែច្បាស់ អំពី​ការបណ្តុះបណ្តាល​អ្នកអនុវត្ត​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​លោក​បណ្ឌិត​រដ្ឋ ឈន ព្រលឹង ប្រធាន​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ក្នុងឱកាស​អញ្ជើញ​បើក​សិក្ខាសាលា អំពី​ការផ្សព្វផ្សាយ​វិជ្ជាជីវៈ​តុលាការ នៃ​សាលា​ភូមិន្ទ​ទាំង​៤ លើកដំបូង ជូន​ដល់​និស្សិត​ច្បាប់​ដែល​កំពុង​សិក្សា នៅតាម​សកលវិទ្យា​នានា នៅ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​។​

លោក បាន​លើកឡើង​ថា ចាប់តាំងពី​បង្កើត​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​មក សិស្ស​ដែល​បាន​សិក្សា​នៅ​ទី​នេះ​ទាំង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញា​សាលា សារការី​ចំនួន​១០៩៥​នាក់ ដែល​បាន​ចេញ​ទៅ​បម្រើ​ការងារ​លើ​វិស័យ​ច្បាប់​នៅ​ទូទាំង​ប្រទេស និង​ខ្លះទៀត​កំពុង​សិក្សា​នៅទីនេះ​។​

​លោក​បណ្ឌិត​រដ្ឋ ឈន ព្រលឹង បាន​បន្តថា រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ គឺជា​ថ្នាល់​បណ្តុះបណ្តាល​អ្នកអនុវត្ត​ច្បាប់ នៅក្នុង​វិស័យ​អនុវត្ត​ច្បាប់​តែ​មួគ​ត់​នៅ​កម្ពុជា ដែល​ទទួលបន្ទុក​បណ្តុះ​បណ្តាល ធនធានមនុស្ស​នៅក្នុង​វិស័យ​អនុវត្ត​ច្បាប់ និង​តុលាការ​នៅ​កម្ពុជា​។ រាជ​បណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ជា​កន្លែង​បណ្តុះបណ្តាល​បឋម ហើយ​សិស្ស​ដែល អាច​ចូល​រៀន​នៅទីនេះ​បាន គឺ​ឆ្លងកាត់​ការប្រឡងប្រជែង​ផងដែរ​។ សាលា​ដែល​នៅក្រោម​ឆត្រ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ មាន​ចំនួន​៤៖ គឺ​សាលា​ភូមិន្ទ​ចៅក្រម សាលា​ភូមិន្ទ​ក្រឡាបញ្ជី សាលា​ភូមិន្ទ​សាល​ការី សាលា​ភូមិន្ទ​អាជ្ញា​សាលា ដែល​ទទួលបន្ទុក​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ច្បាប់​លើ​ផ្នែក​នីមួយៗ​។​

​សូមបញ្ជាក់​ថា សាលា​ភូមិន្ទ​ចៅក្រម​បង្កើត​រយៈពេល​៨​ជំនាន់​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០០២ មាន​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ចំនួន​៤៥២​នាក់ រួម​ទាំង​ព្រះរាជអាជ្ញា ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ជ្រើសរើស និង​ធានា​រ៉ាបរង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ចៅក្រម ការបណ្តុះបណ្តាល​បន្ត និង​វិក្រឹត្យការ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែលំ​ពុង​បំពេញការងារ នៅ​តាម​សាលា​ជម្រុះក្តី​។ សាលា​ភូមិន្ទ​ក្រឡាបញ្ជី​បង្កើតឡើងបាន​៥​ជំនាន់ គិត​ត្រឹម​ឆ្នាំ​២០០១៨​នេះ មាន​សិស្ស​បាន​បញ្ចប់​ការសិក្សា​ប្រហែល​៦០០​នាក់ នៅ​ទូទាំង​ប្រទេស ក្រឡាបញ្ជី ជា​មន្ត្រី​របស់​ក្រសួង​យុត្តិធម៌ ដែល​ឆ្លងកាត់​ការប្រឡង មាន​កម្រិត​វប្បធម៌​ច្បាប់​ថ្នាក់​បរិញ្ញាបត្រ នីតិសាស្ត្រ​ឆ្នាំ​ទី​៣​ឡើង ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ រយៈពេល​២​ឆ្នាំ មាន​កាយសម្បទា​គ្រប់គ្រាន់ ទទួលបាន​ប្រាក់​បៀវត្សរ៍ និង​ប្រាក់​សោធ​និវត្តន៍​ពី​រដ្ឋ ក្រឡាបញ្ជី​ជា​មន្ត្រី​រដ្ឋ ដែល​មាន​សេវា​បម្រើ​ផ្នែក​ស៊ីវិល​។ សាលា​ភូមិន្ទ​អាជ្ញា​សាលា ទើប​បាន​មួយ​ជំនាន់​ទេ ដែល​មាន​សិស្ស​កំពុង​សិក្សា​ចំនួយ​២៨​នាក់ ជា​ស្ថាប័ន​ឯករាជ្យ​មួយ ទទួលបន្ទុក​ធ្វើការ​បញ្ជូន​ឯកសារ​ផ្សេងៗ​របស់​តុលាការ ប្រតិបត្តិ​ការអនុវត្ត ដោយ​បង្ខំ​តាម​ច្បាប់​កំណត់​ជា​អ្នក​មាន​ទំនាក់ទំនង រវាង​ម្ចាស់បំណុល កូន​បំណុល តតីយជន និង​តុលាការ​អនុវត្ត ការប្រតិបត្តិ​ការអនុវត្ត​ដោយ​បង្ខំ ដោយ​ឯករាជ្យ​ចំពោះ​អ​ចន​ទ្រព្យ និង​ការប្រគល់​អ​ច​ន​វត្ថុ​។ ចំណែក​សិស្សសាលា​ភូមិន្ទ​សារការី មាន​ចំនួន​១៥​នាក់ គឺជា​មន្ត្រី​សាធារណៈ ដែល​មាន​មុខងារ​ធ្វើ​លិខិតយថាភូត បញ្ជាក់​អំពី​លក្ខណៈ​ពិតប្រាកដ​ត្រឹមត្រូវ ធានារ៉ាបរង​អំពី​កាលបរិច្ឆេទ តម្កល់​រក្សាទុក និង​ចេញ​សេចក្តីចម្លង​យថាភូត​នៃ​លិខិត​ទាំងឡាយ ដែល​ត្រូវតែ​មាន​ការបញ្ជាក់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×