Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន

spot_img

ភ្នំពេញ៖ សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា៖ «បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន»។ សម្ដេចធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្និបាតគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច, ម្យ៉ាង ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាន នៅឆ្នាំមុនៗ និង ម្យ៉ាងទៀត, ស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅនៃវិស័យអធិការកិច្ច សំដៅជំរុញវិស័យនេះ ឱ្យឆ្លើយតបបានកាន់តែប្រសើរ, ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច, ទាំងនៅកម្ពុជា, តំបន់ និងសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យរួមគ្នាបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាពជាមួយគោលដៅនៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារ អធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀតពីគ្រប់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា សមិទ្ធផលដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៃភាពធន់ និងភាពរឹងមាំនៃវិស័យ នយោបាយ, សង្គម និងសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមអគ្គមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងរយៈពេលប្រមាណជាង ៤ ទសវត្សរ៍ កន្លងទៅនេះ ដោយបានកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ, ប្រែក្លាយកម្ពុជាដែលហែកហួរដោយសង្គ្រាមស៊ីវិល ទៅជាប្រទេសដែលមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ, ពីប្រទេសដែលមានប្រព័ន្ធសុខភាពសាធារណៈទន់ខ្សោយ ទៅជាប្រទេសឯកត្តកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩, កាត់បន្ថយអត្រានៃភាពក្រីក្រពី ១០០% ក្រោយថ្ងៃរំដោះ មកនៅក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ១៩, ពីប្រទេសដែលចាប់ផ្តើមពីបាតដៃទទេនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទៅជាប្រទេស ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្នូលធំរបស់រាជរដ្ឋាភិបាលទាំងនីតិកាលចាស់ និងនីតិកាលថ្មី គឺអភិបាលកិច្ចល្អ ពោលរៀបចំផ្ទះឱ្យស្អាតមុននឹងធ្វើការងារដទៃ។ ការប្តូរឈ្មោះក្រសួងអធិការកិច្ច គឺជាការសម្រួចមុំតួនាទីរបស់ក្រសួងឱ្យកាន់តែមុតស្រួច ឈានទៅធ្វើជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអភិបាលកិច្ច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តន៍នៃអភិក្រមចំនួន៤ខាងដើម។ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ ជាការធ្វើឱ្យការអនុវត្តន៍ផែនការសកម្មភាពនានាមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការងារអធិការកិច្ចទទួលលទ្ធផលល្អប្រសើរ ត្រូវយកចិត្តទុកដាក់ទៅលើធនធានមនុស្ស យន្តការការងារ និងបទដ្ឋានគតិយុត្តិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។ ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×