រាជធានីភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការងារក្រសួងអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តអភិក្រម៤ ក្នុងចំណោមអភិក្រមទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា (ឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់) ពីព្រោះការអនុវត្តការងារមួយចំនួនអាចនឹងកើតមានបញ្ហាប្រាសចាកពីច្បាប់ ឬផែនការ ដូច្នេះទាមទារឱ្យមានស្ថាប័នដៃគូធ្វើអធិការកិច្ច ដើម្បីត្រួតពិនិត្យ ផ្ដល់យោបល់ ហើយជួយគ្នាពត់តម្រង់ឱ្យត្រឹមត្រូវតាមច្បាប់ ឬតាមផែនការទាំងនោះ ចុងក្រោយ គឺនាយករដ្ឋមន្ត្រីអ្នកវះកាត់។

ការថ្លែងបែបនេះរបស់ សម្ដេចធិបតី អូនម៉ាណែត ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចធិបតី បានពន្យល់ថា «អភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់, ចំណែកការងាររបស់បងក្រសួងអធិការកិច្ចនេះ គឺជួយអភិក្រម ៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល។ ការងារពិនិត្យ ផ្ដល់យោបល់ អាចឱ្យយើងឆ្លុះកញ្ចក់ខ្លួនឯងបាន ព្រោះយើងមិនអាចមើលខ្នងខ្លួនឯងបាននោះទេ គឺត្រូវការស្ថាប័នដៃគូដើម្បីជួយប្រាប់រឿងនៅក្រោយខ្នង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់ក្រសួង ស្ថាប័ន អង្គភាពទាំងឡាយសូមកុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់ឱ្យសោះ តែត្រូវចាត់ទុកជាការឆ្លុះបញ្ចាំងនូវគុណសម្បត្តិ និងគុណវិបត្តិ។ ការតាមដាន ត្រួតពិនិត្យ ក៏ជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាលផងដែរ និងជាការធានានូវប្រសិទ្ធភាពការងារ ព្រោះការអនុវត្តតាមផែនការនានាមិនងាយនឹងត្រូវតាមផែនការទាំងស្រុងនោះទេ ដូច្នេះទាមទារឱ្យមានការត្រួតពិនិត្យ តាមដានជាប្រចាំតាមរយៈអធិការកិច្ច សវនកម្ម ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តត្រឹមត្រូវឡើងវិញ, ពោលគឺ ក្រសួងអធិការកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយ ប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ចោល ការកឹបកេងទ្រព្យសម្បត្តិរដ្ឋ និងអំពើពុករលួយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN


















