រាជធានីភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជារបៀបវារៈអាទិភាពចាប់តាំងពីរាជរដ្ឋាភិបាល ៤អាណត្តិមុនមកម៉្លេះ ក្នុង «យុទ្ធសាស្ត្រចតុកោណ» ដែលបានកែទម្រង់អភិបាលកិច្ចល្អជាបន្តបន្ទាប់នាពេលកន្លងទៅ, និងបានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានល្អ និងនាំទៅរកការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ការបង្ហាញបែបនេះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៣។ សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយកំណត់ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជារបៀបវារៈ នៃគោលនយោបាយអាទិភាពរបស់ខ្លួន ក្នុងមុំទី ២ និងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់ ៤ គឺ ៖ ទី១- ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣- ត្រូវមានការចូលរួមដោយស្មោះត្រង់, និងទី៤. ត្រូវមានការលះបង់។ យើងនៅតែប្រកាន់ភ្ជាប់នូវស្មារតីនៃការកែទម្រង់ និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដ៏ឈ្លាសវៃ ប៉ិនប្រសប់ សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម នៃការភ្ញាក់រលឹក និងម៉ឺងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











