ភ្នំពេញ ៖ អគ្គលេខាធិការដា្ឋនរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានជំនួបពិភាក្សាការងារ រវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងមូលនិធិខុនរ៉ាដប្រចាំកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) បានជួបពិភាក្សាការងារជាមួយប្រតិភូសមាជិកសភាសហព័ន្ធ អាល្លឺម៉ង់ ស្របពេលដែលកម្ពុជា កំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ និងអន្តរសភា អាស៊ាន-សភាអឺរ៉ុប ដើម្បីបង្កើនសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

កិច្ចពិភាក្សាបានផ្តោតទៅលើចំណុចគន្លឹះ៣ រួមមាន កិច្ចសហប្រតិបត្តិការជាដៃគូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិ ការសង្គមវប្បធម៌-នយោបាយ និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបង្ហាញពីសារៈសំខាន់របស់កម្ពុជាជាស្ពានក្នុង ការផ្តល់ទំនាក់ទំនងល្អទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូចជាក្នុងតំបន់មេគង្គ អាស៊ាន និងកម្ពុជា-អាល្លឺម៉ង់។
នាពេលថ្មីៗនេះ កម្ពុជាបានដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ក្នុងតួនាទីជាអ្នកសម្របសម្រួល និងនាំសន្តិភាព ទៅប្រទេសជាច្រើនក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ឯកឧត្តមប្រធានគណៈកម្មការទី៥ ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសអាល្លឺម៉ង់ មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសណាមួយក្នុងតំបន់អាស៊ាន សូមពិចារណា កម្ពុជា តាមរូបមន្ត Plus1 មានន័យថា កម្ពុជាមានបំណងបង្កភាពងាយស្រួលឱ្យអ្នកវិនិយោគ នៅប្រទេសជិតខាង អាចមកធ្វើការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ បានថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា និងបានលើកឡើងថា កម្ពុជាគួរតែពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនពីបរទេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឯកឧត្តម Johannes Steiniger ក៏បានកត់សម្គាល់អំពីបញ្ហា បរិស្ថាននិងការគ្រប់គ្រងសំរាម ថាមពលកកើតឡើងវិញ ការវិនិយោគលើធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្រិតសភា និងការផ្លាស់ប្តូរបទពិសោធការងារក្នុងកម្រិតមន្ត្រីបច្ចេកទេស។
មុននឹងបញ្ចប់ ឯកឧត្ដម Johannes Steiniger បានសម្តែងការគាំទ្រលើការងារអភិវឌ្ឍន៍ធនធានមនុស្សនិង ព្រមទទួលបុគ្គលិកអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការផ្លាស់ប្តូរបទពិសោធ និងការសិក្សាស្វែងយល់ពីប្រតិបត្តិការនិង ដំណើរការសភាឌីជីថល នៅសភាសហព័ន្ធអាល្លឺម៉ង់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី













