ភ្នំពេញ៖ លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ បានជួបពិភាក្សា ជាមួយក្រុមការងារនៃ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia) ដែលមានសមាជិក ជាអង្គការសង្គមស៊ីវិលជាតិ-អន្តជាតិ ក្នុងគោលដៅពង្រឹងយន្តការ នៃភាពជាដៃគូររវាង ពន្ធដារ-អង្គការសង្គមស៊ីវិល នៅ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃសុក្រ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់របស់អគ្គនាយកពន្ធដារ តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងអនុវត្ត ពិសេសក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ។
ក្នុងជំនួបនោះលោក គង់ វិបុល បានថ្លែងថា ការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ដោយមិនមានភាពរើសអើង ក្នុងគោលដៅមួយពង្រឹង ការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង សមធម៌ក្នុងចំណោមសហគ្រាសទាំងឡាយ ព្រមទាំងឈានទៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)។
លោកប្រតិភូ បានបញ្ជាក់ថា កំណែទម្រង់ច្បាស់ ជាមានផលប៉ះពាល់ ដោយអ្នកជាប់ពន្ធមួយចំនួន មិនទាន់បានយល់ច្បាស់អំពីកាតព្វកិច្ចច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយក៏មានការបកស្រាយខុស ឬច្រឡំ នូវខ្លឹមសារនៃច្បាប់ និងបទប្បញ្ញាត្តិ។
ជាលទ្ធផល កិច្ចពិភាក្សាថ្ងៃនេះ បានផ្តល់ជាជំហានថ្មីមួយបន្ថែមទៀត នៃបើកសករាជថ្មី នៃការប្រើប្រាស់វប្បធម៌ នៃការពិភាក្សា ការបណ្តុះនៃវប្បធម៌ពន្ធដារ លើកកម្ពស់ចំណេះដឹងអំពីពន្ធដារ និងជំរុញការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពន្ធដារ ជាមួយស្ថាប័នអនុវត្ត។ អគ្គនាយកដ្ឋានពន្ធដារ លើកទឹកចិត្តនិងគាំទ្រយ៉ាងពេញទំហឹង ដល់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមក្នុងយន្តការនៃ ភាពជាដៃគូររវាងពន្ធដារ អង្គការសង្គមស៊ីវិល ក្នុងន័យថា ប្រើប្រាស់យន្តការនៃភាពជាដៃគូរ ពិភាក្សាដោយបើកចំហរ យកបញ្ហាមកពិភាក្សាក្នុងក្របខ័ណ្ឌវិជ្ជាជីវៈ និងឈរលើច្បាប់ និងបញ្ញត្តិស្តីពីពន្ធដារជាធរមាន ព្រមទាំងស្មារតីនៃភាពជាដៃគូរពិភាក្សា។
ជាការឆ្លើយតប តំណាងគណកម្មការធិការ សហប្រតិបត្តិការដើម្បីកម្ពុជា និងអង្គការជាតិ អន្តរជាតិ ទាំងអស់ ដែលជាសមាជិកបានថ្លែងអំណរគុណ និងអបអរសាទរចំពោះ លោកប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធដារ ចំពោះការយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គមស៊ីវិល។
លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ដើម្បីប្រែក្លាយអគ្គនាយកដ្ឋានពន្ធដារ ទៅជាអង្គភាពសាធារណៈមួយ ដែលត្រូវបានទទួលស្គាល់ លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធ ក៏ដូចជាការបញ្ជ្រាបព័ត៌មានពន្ធដារ ដោយធ្វើឱ្យការផ្តល់សេវា សាធារណៈរបស់រដ្ឋបាល សារពើពន្ធ កាន់តែមានប្រសិទ្ធភាព គុណភាពខ្ពស់ រហ័ស សាមញ្ញ ស័ក្តិសិទ្ធភាព គួរឱ្យទុកចិត្ត ក្នុងន័យថា ប្រព័ន្ធពន្ធដារកម្ពុជា កាន់តែសាមញ្ញ ងាយស្រួលសម្រាប់អ្នកជាប់ពន្ធ៕ ដោយ៖កូឡាប