Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតថៃ៖ ពិព័រណ៍ការសិក្សា និងការងារថៃ ឆ្នាំ២០២៤ នឹងពង្រឹងទំនាក់ទំនង កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ លោក ឈើតកៀត អត្ថាករ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងថា ពិព័រណ៍ការសិក្សា និងការងារថៃ ឆ្នាំ២០២៤ នឹងពង្រឹងទំនាក់ទំនង កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ឈើតកៀត អត្ថាករ លើកឡើងបែបនេះ ក្នុងឱកាសដែលអញ្ជើញចូលរួម ប្រកាសបើកកម្មវិធី ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand។

លោក ឈើតកៀត អត្ថាករ បានសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះ នឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារ។

លោក ឈើតកៀត អត្ថាករ បានថ្លែងថា កម្មវិធីនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកឱកាសពិសេស សម្រាប់ការសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យនានា ឈានមុខគេពីប្រទេសថៃ ហើយនឹងអាចផ្តល់នូវឱកាសការងារ ជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា។

លើសពីនោះទៀត លោក ឈើតកៀត អត្ថាករ បានបញ្ជាក់ថា នៅឆ្នាំនេះ មានវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្ម ចំនួនជាង២០ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនៅក្នុងថ្ងៃនេះ នឹងពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ហើយទាំងអស់គ្នា ដែលមកចូលរួមកម្មវិធីនៅក្នុង ថ្ងៃនេះ នឹងបានជួបនូវ ពិភពនៃលទ្ធភាព សម្រាប់អនាគតរបស់អ្នកទាំងអស់គ្នា និងរួមគ្នាកសាង ពិភពនៃលទ្ធភាព សម្រាប់ប្រទេសរបស់យើងទាំង ២ អាចអភិវឌ្ឍ ទៅជាមួយគ្នាប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាពិព័រណ៍អប់រំ និងការងារនេះថា បានប្រព្រឹត្តទៅនៅពេលដែលប្រជាជាតិកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព ឯកភាពជាតិនិងទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះ បានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែប្រសើរឡើង ជាពិសេសរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាប្រទេសសមាជិកអាស៊ាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×