ភ្នំពេញ ៖ តៃកុងរថយន្តបែនដឹកថ្មម្នាក់ កៀបជាប់ក្នុងកាប៊ីនរថយន្ត បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវលេខ១០៤ សង្កាត់គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តជាច្រើនគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៤ ស្របពេលនោះក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង មិនចាំផ្លាកលេខបើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែរថយន្តដឹកថ្មពណ៌ស ម៉ាកនីសាន់ពាក់ផ្លាកលេខភ្នំពេញ3A-0098 បើកបរស្របទិសគ្នាបានជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ នៅខាងមុខបណ្តាលឲ្យកៀបអ្នកបើកបរជាប់ក្នុងកាប៊ីន ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយគាស់ចេញ ហើយដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុថៅកែក្រុមហ៊ុន និងមេការ បានយករថយន្តមួយគ្រឿងទៀត ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធដោយ ៖ សួងសាម



