ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានមិនអនុគ្រោះឲ្យជនណាទាំងអស់ ដែលប្រឌិតរឿងអាក្រក់ៗពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីតែទទួលបានអ្នកចូលទស្សនាច្រើននៅលើបណ្ដាញសង្គម។

នៅថ្ងៃនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះផងដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និង​កិត្តិយស​កម្ពុជា តាមរយៈការផលិតវីដេអូចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។

សម្ដេចធិបតីក៏បានព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។​ សម្ដេចធិបតី ក៏បានព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិតថែមទៀត។

សារព្រមានរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីសប្ដាហ៍កន្លងទៅនេះ មានជនជាតិចិនតៃវ៉ាន់២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ សម្ដែងជាអំពើចាប់ជំរិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដើម្បីបានអ្នកចូលទស្សនាច្រើន រួចផលិតផលតាមអនឡាញ ជាប្រយោជន៍ផ្ទាល់ខ្លួន។

ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ហើយត្រូវបានសាលាដំបូងខេត្ត សម្រេចផ្ដន្ទាទោសតាមច្បាប់ ដោយដាក់ពន្ធនាគារម្នាក់២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៤លានរៀល។ បើតាមការបញ្ជាក់ថា ក្រោយអនុវត្តទោសចប់នៅប្រទេសកម្ពុជា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ នឹងត្រូវបណ្ដេញចេញពីកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កន្លងទៅមានការយល់ច្រឡំមួយចំនួន ពិសេសប្រជាពលរដ្ឋនៅចិនដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កាលពីថ្ងៃទី១៤ យើងចាប់ពីរនាក់ក្មេងៗតៃវ៉ាន់ គាត់ជ្រើសរើសកម្ពុជាថតរឿងចាប់ជំរិត។ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឲ្យមនុស្សរាប់សែន រាប់លាននាក់ ដែលមើល TikTok គាត់ថាខ្មែរអសមត្ថភាពដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ តើនេះឬជាការស្រលាញ់មកប្រជាជនកម្ពុជា យើងមិនអនុញ្ញាតឲ្យធ្វើអញ្ចឹងទេ ឥលូវចាប់ដាក់គុក។

ទាក់ទិនករណីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មានអ្នកតវ៉ាស្វែងរកកិច្ចអន្ដរាគមន៍ដើម្បីជួយដល់យុវជនចិនតៃវ៉ាន់ទាំង២នាក់នេះ ក្រោយហេតុផលថា ម្ដាយរបស់ពួកគេកំពុងឈឺហើយកំពុងសម្រាកព្យាបាលជំងឺ ប៉ុន្ដែត្រូវបានសម្ដេចបដិសេធ ហើយស្ដីបន្ទោសត្រឡប់ទៅវិញថែមទៀត។ សម្ដេចថា បើម្ដាយឈឺយុវជនទាំងពីរនាក់នេះ ជាកូនអកត្តញ្ញូមិននៅមើលម្ដាយ បែរជាជិះយន្ដហោះមកបំផ្លាញកិត្តិយសប្រទេសគេទៅវិញ។ តាមរយៈការផលិតវីដេអូប្រឌិតបែបនេះ បានបំផ្លាញដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាល បានបន្ថែមទៀតថា កន្លងទៅក្រៅពីករណីប្រឌិតរឿងចាប់ជំរិត ជនបរទេសមួយចំនួននោះ បានប្រឌិតរឿងជួញដូរសិរីរាង្គនៅប្រទេសកម្ពុជាថែមទៀតផង ដើម្បីតែទទួលបានជំនួយជាផលប្រយោជន៍ផ្ទាល់ ប៉ុន្ដែករណីទាំងអស់នេះក៏ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវ និងលាតត្រដាងការពិតទៅកាន់មហាជន ពិសេសមតិអន្ដរជាតិ ជៀសវាងការយល់ច្រឡំ និងគិតខុសមកកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម