Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសកម្ពុជាឱ្យស្គាល់ការអភិវឌ្ឍកម្រិតកំពូលក្នុងប្រវត្តិសាស្ត្រសម័យទំនើប

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសកម្ពុជាឱ្យស្គាល់ការអភិវឌ្ឍកម្រិតកំពូលមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយ។
តើមានអំណះអំណាងអ្វីខ្លះ ដែលបញ្ជាក់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសកម្ពុជាឱ្យស្គាល់ការអភិវឌ្ឍន៍មិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប?

ថ្លែងនៅក្នុងវេទិកាសារព័ត៌មានលើកទី២ កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសកម្ពុជាឱ្យស្គាល់ការអភិវឌ្ឍកម្រិតកំពូលក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាអំណះអំណាងច្បាស់លាស់។ នេះគេអាចផ្ទៀង​ផ្ទាត់​បាន កុំឱ្យថាខ្ញុំចេះតែថា សូមអ្នកទាំងអស់គ្នាផ្ទៀងផ្ទាត់មើល។ អីចឹង អាចនិយាយបានថា ក្រោម​ការ​ដឹកនាំសម្តេចតេជោ ហ៊ុន សែន កម្ពុជា ឈានដល់កម្រិតមួយខ្ពស់បំផុត កម្រិតកំពូលរយៈពេល៥០០​ឆ្នាំចុងក្រោយ។ សូមបញ្ជាក់ជូនថា សម្តេចតេជោ ហ៊ុន សែន ដែលលោកដឹកនាំប្រទេស អភិវឌ្ឍបាន​ប៉ុណ្ណឹង ដែលខ្ញុំហៅថា កម្រិតកំពូលក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដឹកនាំចេញពីណា? ចេញពីគំនរ​ផេះផង់ ឈាមទឹកភ្នែក ក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត»។

ឯកឧត្តមបន្តថា «ឥឡូវ យើងស្រមៃថា បើសិនជាសម្តេចតេជោ ហ៊ុន សែន គាត់ដឹកនាំប្រទេស តពីសម័យ​សង្គមរាស្ត្រនិយម របស់ព្រះករុណាសម្តេចតា ដែលមានហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងជាជន្ទល់​ស្រាប់ ហើយអត់ឆ្លងកាត់របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ របបប៉ុលពតទេ យើងស្រមៃមើលមើរ៍ តើការអភិវឌ្ឍប្រទេសកម្ពុជា នឹងដល់កម្រិតណា? លើសពីនេះប៉ុន្មានដង?»។

បើតាមឯកឧត្តមប៉ែន បូណា នេះជាសំណួរច្បាស់ចែស ដើម្បីបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ​គណ​បក្ស​ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រមុខ ហើយឥលូវនេះកំពុងតែមានរាជ​រដ្ឋា​ភិបាលបន្តវេន ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលដឹកនាំ​ប្រទេស​កម្ពុជាអភិវឌ្ឍខ្ពស់បំផុតកម្រិតកំពូល។ ឥឡូវនេះ អ្នកបន្តវេនជំនាន់ទី២ របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមចេញដំណើរហើយ ៦ខែ។ អ្នកដឹកនាំជំនាន់ថ្មី គឺសម្តេចធិបតី ចេញពីគ្រួសារសម្តេចតេជោ ហើយគណៈរដ្ឋមន្ត្រី សុទ្ធតែចេញពីគណបក្សប្រជាជនកម្ពុជា អីចឹងអាចនិយាយបានថា នេះជាក្រុមអ្នកដឹកនាំថ្មី ​ខ្លាំងក្លា ពូកែ ជំនាន់ទី២ របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបន្ថែមថា ក្រុមអ្នកដឹកនាំថ្មី នឹងនាំប្រទេសកម្ពុជា លឿនទៅមុខទៀត ដោយសារមានគ្រឹះរួចស្រេច ដោយសាររៀមច្បង កើតឡើងដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ នេះជាក្តីសង្ឃឹមរឹង​មាំណាស់ របស់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តទៀតថា កម្ពុជាឆ្នាំ២០៥០ មិនត្រឹមតែមានចំណូលខ្ពស់ តែជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ បរិស្ថានល្អ និងសង្គមដែលគាំពារពលរដ្ឋគ្រប់បែបយ៉ាង។ យុទ្ធសាស្ត្របញ្ចកោណមានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូគ្រប់ទិដ្ឋភាពដើម្បីធ្វើឱ្យកម្ពុជាឆ្នាំ២០៥០ ក្លាយជាសប្រទេសដែលមានចំណូលខ្ពស់ សេដ្ឋកិច្ចរឹងមាំ និងសង្គមបរិយាកាសល្អគ្រប់បែបយ៉ាង។ ឯកឧត្តមក៏ឆ្លៀតអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនិងយុវជនខ្មែរទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរុញច្រាននាវាកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក ប៉ែន បូណា បានលើកនូវអំណះអំណាងមួយចំនួន ដែលរាជរដ្ឋា​ភិបាលកម្ពុជា ហ៊ានកំណត់បែបនេះ ពោលដោយសាររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មានគ្រឹះ​ដ៏រឹង​មាំដែលបានកសាងឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដមកអ្នកជំនាន់​ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្ដវេនដ៏ខ្លាំងពូកែ ប្រកបដោយសមត្ថភាព និងមានឆន្ទៈមុះមុត។

លោក ប៉ែន បូណា បានបង្ហាញដោយបែងចែក​ជ្រុងសំខាន់មួយចំនួនដើម្បីរុញច្រាននាវាកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០គឺសេដ្ឋកិច្ចប្រជាពលរដ្ឋមានចំណូលខ្ពស់ ប៉ុន្ដែត្រូវតែជាសេដ្ឋកិច្ចមួយដែលមានភាពធន់ រឹងមាំ បរិយាប័ន្ន។ ភាពធន់មានន័យថា សេដ្ឋកិច្ចដែលមិនងាយមានអ្វីមានប៉ះពាល់បានទេ, រឹងមាំ មានន័យថា គ្មានឥទ្ធិពលអ្វីដែលងាយនឹងផ្ដួលរលំសេដ្ឋកិច្ចកម្ពុជាបានទេ និងបរិយាប័ន្ន មានន័យថា ការបែងចែកភាគផលដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌។ កម្ពុជាជារដ្ឋមួយដែលរឹតម៉ឹង សុខសន្ដិភាព ស្ថេរភាពនយោបាយ នីតិរដ្ឋ មាន​យុត្តិធម៌សង្គម ឯករាជ្យម្ចាស់ការ អធិបតេយ្យភាព បូរណភាពទឹកដី មានកិត្យានុភាពខ្ពស់ នៅលើឆាកអន្ដរជាតិ ហើយស្មើភាព ស្មើមុខមាត់។
កម្ពុជាជាប្រទេសមួយដែលប្រជាពលរដ្ឋគ្រប់រូប ទទួលបានការគាំពារពីសង្គមគ្រប់​បែបយ៉ាងទាំងអស់ នៅពេលដែលពួកគាត់មានបញ្ហា ដូចកម្មវិធីគោលនយោបាយ៦ចំណុច។ ជាប្រទេសមួយដែលមានបរិយាកាសល្អ បរិស្ថានបៃតង ប្រជាពលរដ្ឋសប្បាយរីករាយជា​មួយបរិស្ថានល្អ។
ជាមូលធនមនុស្សដូចក្នុងជ្រុងទី១ នៃយុទ្ធសាស្ដ្របញ្ចកោណបានបញ្ជាក់ថា ការកសាងមូលធនមនុស្ស ជាធនធានមនុស្សដែលមានកម្រិតខ្ពស់ ហើយមានចំណេះជំនាញច្បាស់លាស់​យ៉ាងតិចមួយ។ ជាមនុស្សដែលមានគុណធម៌ សីលធម៌ សុខភាពល្អ ឆន្ទៈការងារខ្ពស់។

ដើម្បីឈានសម្រេចបានទាំងស្រុងនូវមហិច្ឆតាទាំងអស់នេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានជោគជ័យ៕៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×