រាជធានីភ្នំពេញ ÷ ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានតម្លៃជាង ៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទោះបីប្រទេសមួយចំនួនកំពុងរៀបចំផ្លាស់ប្ដូរទីក្រុងរដ្ឋបាលថ្មីក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការលើករាជធានីចេញពីភ្នំពេញ ទៅដាក់នៅឯណានោះឡើយ ពោលគឺ មានតែការពង្រឹង-ពង្រីកការអភិវឌ្ឍឱ្យកាន់តែរីកចម្រើននៅនឹងកន្លែងបន្ថែមទៀត ដែលនេះជាការបញ្ជាក់ឱ្យសាធារណជនអស់មន្ទិលសង្ស័យ និងដឹងច្បាស់អំពីភាពរឹងមាំនៃរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺធ្លាប់ផ្លាស់ប្ដូររាជធានីច្រើនលើករួចមកហើយ រាប់តាំងពីរាជធានីអង្គរ រហូតមកដល់រាធានីភ្នំពេញបច្ចុប្បន្ននេះ ដូច្នេះ មិនចាំបាច់លើករាជធានីទៅកន្លែងណាផ្សេងទៀតទេ គឺត្រូវពង្រឹងការអភិវឌ្ឍនៅនឹងកន្លែង ពង្រីកហេដ្ឋារចនាសម្ពន្ធនៅទីក្រុងភ្នំពេញបច្ចុប្បន្នឱ្យកាន់តែរីកចម្រើនថែមទៀតឥតឈប់ឈរ។
ជាការពិតណាស់ នៅក្នុងប្រវត្តិសាស្ត្រជិត ៦០០ឆ្នាំចុងក្រោយនេះ កម្ពុជាបានផ្លាស់ប្ដូររាជធានីយ៉ាងតិច ៦លើក ក្នុងនោះ គិតចាប់តាំងពីព្រះបាទពញាយ៉ាត ផ្លាស់ប្ដូររាជធានីពីក្រុងយសោធរបុរៈ ឬក្រុងអង្គរបច្ចុប្បន្ន មកកាន់រាជធានីទួលបាសាន្ត នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបច្ចុប្បន្ន តែមួយឆ្នាំក្រោយមក ព្រះអង្គបានរើរាជធានីពីទួលបាសាន្តមកក្រុងចតុម្មុខមង្គល ដែលជាក្រុងភ្នំពេញបច្ចុប្បន្ន។ នៅក្នុងរាជ្យព្រះស្រីជេដ្ឋា ហ្លួងព្រះស្ដេចកន ព្រះអង្គបានតាំងរាជធានីនៅក្រុងស្រឡប់ដូនតី នាខេត្តត្បូងឃ្មុំបច្ចុប្បន្ន។

លុះដល់ក្នុងរាជ្យព្រះបាទចន្ទរាជា ព្រះអង្គក៏បានកសាងរាជធានីថ្មីនៅក្រុងលង្វែក នាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងរាជ្យព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គក៏បានតាំងរាជធានីនៅក្រុងឧដុង្គម៉ែជ័យ ដែលមានទឹកដីជាប់ព្រំប្រទល់គ្នារវាងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកពញាឮ ខេត្តកណ្ដាល។ ប៉ុន្តែក្នុងសម័យឧដុង្គដដែលនេះ ព្រះរាជាក្រោយៗបានផ្លាស់ប្ដូររាជធានីប៉ុន្មានលើកទៀតដែរ ដូចជា នៅកោះស្លាកែត ល្វាឯម ជាដើម ហើយក៏វិលទៅរាជធានីឧដុង្គវិញ និងចុងក្រោយ នៅក្នុងសម័យអាណានិគមនិយមបារាំង ពោលគឺក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះអង្គក៏បានសម្រេចផ្លាស់ប្ដូររាជធានីពីក្រុងឧដុង្គមកក្រុងភ្នំពេញវិញ នៅឆ្នាំ១៨៦៥ ដែលនេះជាលើកទី២ហើយដែលភ្នំពេញក្លាយជារាជធានីរបស់ប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។
មកដល់ពេលនេះ រាជធានីភ្នំពេញទី២ មានអាយុកាល ១៥៩ឆ្នាំមកហើយ, ដោយស្ថិតក្នុងសម័យទំនើបបច្ចេកវិទ្យាឌីជីថលនេះ រាជធានីភ្នំពេញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្ហាញខ្លួនដ៏ស្រស់សង្ហា ស្រស់បំព្រង ស្រស់ត្រកុំត្រកាល បង្អួតរាងដល់មនុស្សលោកនៅលើផែនដីនេះ ហើយក៏ល្មមគ្រប់គ្រាន់នឹងអ្វីដែលជាទីទំនុកចិត្តរបស់រាជធានីភ្នំពេញ ដែលមិនត្រូវការចង់ផ្លាស់ប្ដូរទៅណាទៀតនោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN





































