ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បានប្រកាសសារជាថ្មីម្តងទៀត នូវជំហរប្រឆាំងដាច់ខាត ចំពោះការដាំដំណាំកញ្ឆា នៅតាមមូលដ្ឋានទូទាំងប្រទេស

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតនូវ ជំហរប្រឆាំងដាច់ខាតចំពោះការដាំដំណាំកញ្ឆា នៅតាមមូលដ្ឋានទូទាំង ប្រទេសកម្ពុជា ដើម្បីធានាថាកម្ពុជាគ្មានការផលិតសារធាតុញៀន និងគ្មានការប្រើប្រាស់គ្រឿងញៀនផ្សំ ។

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជាថ្មីម្តងទៀតមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះឡើយ ហើយក៏បានផ្តាំផងដែរទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហារឿងដាំកញ្ឆានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងនេះខ្ញុំធ្លាប់បញ្ចេញសារតាម Facebook ម្តងហើយ ប៉ុន្តែប្រហែលជាមានអ្នកមិនទាន់ទទួលបានសារ ព្រោះមានថ្មីៗនេះមាន ២, ៣នាក់ទៀត ចេះតែមកសួរខ្ញុំ សុំច្បាប់វិនិយោគដាំកញ្ឆា គេថាអាណឹងដាំឥលូវដើម្បីបម្រើឱ្យវិស័យសុខាភិបាល ស្រុកគេធ្វើ ប្រទេសជិតខាងយើងក៏ធ្វើ តែគេធ្វើរឿងរបស់គេ សម្រាប់ខ្ញុំ ខ្ញុំប្រាប់ថាដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្ត្រី ច្បាប់នេះខ្ញុំអត់ឯកភាពទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ការដាំកញ្ឆានេះ គឺពិបាកមាន២ រឿងទី១៖ រឿងការគ្រប់គ្រង ដោយសម្តេចបញ្ជាក់ថា សម្តេចបានមើលព័ត៌មានមួយនៅអាមេរិក ដែលជាប្រទេសមហាអំណាច ដោយមានរដ្ឋខ្លះឱ្យច្បាប់ដាំ តែគ្រប់គ្រងមិនរួចទេ ដោយសារតែបញ្ហាគ្រប់គ្រងការប្រើប្រាស់មិនបាន ហើយសម្រាប់ការឱ្យអាជ្ញាបណ្ណដាំតិចទេ តែមានមិនចេះអស់ ដោយសារតែការលួចកាប់ពីកន្លែងផ្សេងៗ ហើយយកមកបញ្ចេញតាមច្រកស្របច្បាប់នេះ, រឿងទី២៖ រឿងកញ្ឆានេះគឺពាក់ព័ន្ធនឹងគ្រឿងញៀន ហើយវាមានតម្លៃថោក និងងាយស្រួលរកសម្រាប់អ្នកប្រើប្រាស់ ហើយវាអាចចាប់ផ្តើមគ្រឿងពីនេះទៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការដាំកញ្ឆានេះសម្រាប់កម្ពុជា វាមិនមានចំនេញអ្វីនោះទេ វាមិនចំនេញអីរហូតទៅចាំបាច់ធ្វើការវិនិយោគដីរាប់ម៉ឺនហិចតាដើម្បីដាំកញ្ឆា ទៅផ្គត់ផ្គង់កន្លែងផលិតថ្នាំពេទ្យនៅបរទេសនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជូនសារទៅអ្នកដែលចង់ធ្វើការនិយោគមកពីក្រៅប្រទេស សុំមកដាក់ទុនធ្វើការវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលវេលា ជិះយន្តហោះមកអី អត់ប្រយោជន៍នោះទេ មិនបាច់មកទេ។ សម្តេចបញ្ជាក់ថា ក្នុងនោះក្របខណ្ឌច្បាប់ក៏មិនអនុញ្ញាតនោះដែរ ដូចនេះមិនមានការចាំបាច់ក្នុងការសម្របសម្រួលកែរច្បាប់ ឫធ្វើអីនោះទេ យើងមិនអាចគ្រ​ប់គ្រប់បាននោះទេ ដូចនេះមិនបាច់ដាំនោះទេ។

នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជាវិធានការគន្លឹះទី៤របស់ខ្លួនក្នុងចំណោមវិធានការគន្លឹះទាំង៥ ។
ក្នុងន័យនេះរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១ រូប ជាប្រធាន និងឧបនាយករដ្ឋមន្រ្តី ៣ រូបទៀត ជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១ រូប ជាអនុប្រធានប្រចាំការ, រួមទាំង រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ជាសមាជិក ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ ឆ្លើយតប ទៅនឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ ឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយ ភាពស្អាតស្អំ និងភាពជាគម្រូនៃការអនុវត្តច្បាប់ សម្ដេចមហាបវរធិបតី ក៏បានប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀន ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន ។ លើសពីនេះ សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតនូវ ជំហរប្រឆាំងដាច់ខាតចំពោះការដាំដំណាំកញ្ឆា នៅតាមមូលដ្ឋានទូទាំង ប្រទេសកម្ពុជា ដើម្បីធានាថាកម្ពុជាគ្មានការផលិតសារធាតុញៀន និងគ្មានការប្រើប្រាស់គ្រឿងញៀនផ្សំ ។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការខិតខំយកចិត្តទុកដាក់រៀប ចំ កែសម្រួលពង្រឹងយន្តការ និងដាក់ចេញនូវវិធានការជាក់ស្តែង និងប្រាកដនិយមមួយចំនួន សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយកម្រិតថែមទៀត ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំពោះការដាក់ចេញផែនការការងារអាទិភាពទាំង ៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរួមមាន ៖ (១) ការងារផ្សព្វផ្សាយ និងអប់រំ, (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣) ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, (៤) ការងារពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់, និង (៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម