ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ៖ ត្រូវពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឆ្នាំ២០២៤ ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ (២០១៧-២០២៣), កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនសរុបចំនួន ៥៥ ៣០៥ ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១២០ ៣០៧ នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧ ៦៤១ គីឡូក្រាម និង សារធាតុ គីមីផ្សំប្រមាណ ៥២០ ០០៥ គីឡូក្រាម, រួមទាំងមធ្យោបាយ សម្ភារៈ និង វត្ថុតាងជាច្រើនទៀត។ សម្តេចបានមានប្រសាសន៍បន្តទៀតថា ត្រូវពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន, និងលើកកម្ពស់សកម្មភាពប្រតិបត្តិការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និង សូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានណែនាំ និង តម្រង់ទិសដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឆ្នាំ ២០២៣ ទទួលបាន លទ្ធផលគួរជាទីមោទនៈ។

សម្តេចធិបតីបានថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេស ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបករណីនាំចូល គ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និង បញ្ញើប្រៃសណីយ៍) ជាពិសេស មកពីតំបន់ត្រីកោណមាស។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ដៃគូអន្តរជាតិក្នុងការផ្លាស់ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀន ឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យ ទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ និង កាត់ផ្តាច់រំហូរគ្រឿង ញៀនពីខាងក្រៅចូលមកប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីអនុវត្តច្បាប់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និង ម៉ឺងម៉ាត់ជាទីបំផុតចំពោះ ករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។ គ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស និង សមាជិកគ្រួសារត្រូវធ្វើការអប់រំ, ក្រើន រំលឹកពីផលប៉ះពាល់ និង វិនាសកម្មនៃគ្រឿងញៀន ព្រមទាំងមានវិធានការម៉ឺងម៉ាត់ និង តឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថា “ទេ” ដាច់ខាតចំពោះគ្រឿងញៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផល ប៉ះពាល់នៃគ្រឿងញៀន និង ធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយដល់ប្រជាជនឱ្យបានទូលំទូលាយ។ សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួងធម្មការ និង សាសនា និង ក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លើការងារដ៏សំខាន់នេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និង វេទិកានានា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀន មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហាសកល។ ទោះគ្រឿងញៀនជាបញ្ហាសកល តែមិនត្រូវអស់សង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងវា ហើយបណ្តោយឱ្យវារាតត្បាតសង្គមកម្ពុជានោះឡើយ។ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនត្រូវធ្វើរបៀបវែកចកនោះទេ គឺត្រូវមានផែនការមួយច្បាស់លាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញគោលដៅទប់ស្កាត់ និងឈានទៅលុបបំបាត់គ្រឿងញៀនក្នុងសង្គមខ្មែរ។ ដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀន។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបនឹងចេញសេចក្តីសម្រេចថ្មី មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ រកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ។ សម្តេចចង់ឱ្យវិស័យឯកជនមានវិធានការប្រយុទ្ធប្រឆាំងនឹងគ្រឿង ដោយមិនឱ្យបុគ្គលិកខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន។ បើពាក់ព័ន្ធដេញចេញពីការងារ។ សម្តេចបន្តទៀតថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះឡើយ ហើយដរាបណាសម្ដេចនៅតែជានាយករដ្ឋមន្ត្រីសម្ដេចមិនអនុញ្ញាតឲ្យមានការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។ សម្តេចធិបតីក៏បានផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជាដើម្បីមកវិនិយោគផ្ដាំដំណាំកញ្ឆា នៅកម្ពុជានោះទេ ដោយសម្តេចមិនអនុញ្ញាតឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម