កែប៖ កសិករធ្វើស្រែអំបិលនៅខេត្តកែប កំពុងមមាញឹកក្នុងការប្រមូលផលអំបិល ដោយសារអាកាសធាតុអំណោយផលល្អ ពោលមិនមានភ្លៀងនៅដើមឆ្នាំ២០២៤នេះ ធ្វើឲ្យកសិករស្រែអំបិលប្រមូលបានទិន្នផលច្រើន ក្នុងនោះខេត្តកែប ទទួលបានផលអំបិល ៣០០តោន គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ចំនូននេះ បានកើនឡើង៣ដង បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
លោក ភោគ សុខេន ប្រធានមន្ទីឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ខេត្តកែប បានឲ្យដឹងថា ការផលិតអំបិលនៅខេត្តកែប និងបណ្តាខេត្តនានានៅកម្ពុជា គឺពឹងលើអាកាសធាតុ បើកាលណាមេឃរាំងកាន់តែយូរ ទិន្នផលអំបិលក៏កើនទៅតាមនោះដែរ។ ម្យ៉ាងវិញទៀត អំបិលនៅខេត្តកែប មិនសម្បួរប្រភេទអំបិលព័ណ៌ស ឬ អំបិលលេខ១ នោះទេ ភាគច្រើន ជាប្រភេទអំបិល ដែលមានព័ណ៌ក្រម៉ៅ ក្នុងកំរិតលេខ២ ឬលេខ ៣ ហើយតម្លៃក៏ទៅតាមនោះដែរ។
ការទទួលបានផលអំបិលច្រើនបែបនេះ កម្ពុជាក៏នៅជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា កង្វះកម្លាំងពលកម្ម និងតម្លៃលក់ចេញ ដែលមិនទទួលបានថ្លៃខ្ពស់ ដោយសារគុណភាពអំបិលជាដើម។
គួរបញ្ជាក់ថា បច្ចប្បន្នខេត្តកែប មានទីតាំងផលិតអំបិលចំនួន ០៧ទីតាំង លើផ្ទៃដីផលិតជាក់ស្តែងសរុប ៣៣១ហិកតា (ផ្ទៃដីសរុបចំនួន៤៩៧ហិកតា) ក្នុងនោះ ឃ្លាំងស្តុកអំបិលមានចំនួន ៤៤ឃ្លាំង ហើយអំបិលដែលនៅសល់ក្នុងឃ្លាំង គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺមានចំនួន ៤.១៣០តោន៕