ភ្នំពេញ ៖ សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៤ បានចេញសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤។
សម្តេចបហាបវរធិបតី បានមានប្រសាសន៍ថា ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សូមថ្លែងនូវ សារលិខិតដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រង ផលប៉ះពាល់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។

សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោម នយោបាយ «ឈ្នះ ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើ គ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ រយៈពេល៣១ឆ្នាំ កន្លងមក ផ្ទៃដីទំហំ ៣ ០២៤គីឡូម៉ែត្រការ៉េ ត្រូវបាន បោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១១ ៩៨០ ១៧២នាក់។ មិនប្រឆាំងមនុស្សចំនួន ១ ១៧៩ ៣៦៥គ្រាប់ មីនប្រឆាំង រថក្រោះចំនួន ២៦ ៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣ ១០៥ ៥៩៣គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបាន រកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣ ៩៤៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២០៤គ្រាប់ និងគ្រាប់ មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៣២នាក់ក្នុងឆ្នាំ២០២៣ និងមកនៅក្រោម១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល១០ឆ្នាំ និងមកក្រោម៥០នាក់ ក្នុងមួយឆ្នាំ ជាមធ្យមរយៈពេល៥ឆ្នាំចុងក្រោយ។

មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់នេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅ សម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាននូវការរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។
ក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបាន បង្កើត “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផល ប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្ដើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។ ចាប់ពីឆ្នាំ២០២២ យើងបានប្រកាសរាជធានី ខេត្តចំនួន១៤ ជារាជធានី ខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។ ឆ្នាំ២០២៤នេះ យើងគ្រោងនឹងប្រកាសខេត្ត ចំនួន៤ បន្ថែមទៀត រួមមាន ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ជាខេត្តអស់មីន។

ចាប់តាំងពីយើងចាប់ផ្ដើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានកំណត់យក សកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រ ជាតិសំខាន់ៗ។ ដោយមើលឃើញពីសារសំខាន់នេះ និងដើម្បីជាការចូលរួមចំណែកជាប្រទេសគំរូមួយក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងដាក់បញ្ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំក៏បានថ្លែង – បន្ថែមពីលើគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពម៉ឺនគឺ កម្ពុជាគ្មានមិនត្រឹមឆ្នាំ២០២៥។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ញាបការយល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ក្តី»។
ទោះបីកម្ពុជា ជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួនដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគ កម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម១២០ប្រទេស ដែលបាន បរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ រយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៩ ២៨១នាក់ ក្នុងនោះនារី៧៥៣នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោកដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។

ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (ហៅកាត់ អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលមាន៤៥ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិក១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាប្រសិទ្ធនាមជាកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដែលគ្រោងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
សម្តេចបហាបវរធិបតី បានចាត់ទុកសកម្មភាពបោសសម្អាតមីនជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




