ភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង របស់កម្ពុជា និងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មាធិកាទទួលបន្ទុកកិច្ចការបាត់ខ្លួនដោយបង្ខំ នៃអង្គការសហប្រជាជាតិ (UN) គឺភាគីអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាថា អនុវត្តការងារបានល្អ គឺមានឆន្ទៈក្នុងការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញា និងឆ្លើយតបបានយ៉ាងល្អ លើរបាយការណ៍ជាតិលើកដំបូងរបស់ខ្លួន។

លទ្ធផលនៃការកើតសរសើរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការបាត់ខ្លួនដោយបង្ខំ នៃអង្គការសហប្រជាជាតិ នាថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស, ភាគីកម្ពុជា ដឹកនាំដោយលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងលោកស្រី ឡុង សូនីតា រួមទាំងលោក ប៉ា ប៉ុណ្ណារ៉ាដា។
កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិនេះ ជាយន្តការប្រក្រតីមួយរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការបាត់ខ្លួនដោយបង្ខំ នៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាអន្តរជាតិដោយរដ្ឋភាគី, ហើយការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិកសមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវឧត្តមានុវត្តបទពិសោធ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ដោយរួមទាំងទិសដៅការងារ និងលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្ត និងការគោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញាអន្តរជាតិនៅក្នុងរដ្ឋភាគី។

ភាគីអង្គការសហប្រជាជាតិ បានស្នើឱ្យភាគីកម្ពុជា ធ្វើសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ, ការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ, ការប្រឆាំងអំពើពុករលួយ, ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន, ពលករទេសន្តរប្រវេសន៍, ការប្រឆាំងការជួញដូរមនុស្ស, ឯករាជ្យភាព, តុលាការ, ប្រព័ន្ធយុត្តិធម៌ អនីតិជន ជាដើម។
ក្នុងកិច្ចសន្ទនារយៈពេលពីរថ្ងៃនៃកិច្ចប្រជុំនេះ សមាជិក សមាជិកា នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការបាត់ខ្លួនដោយបង្ខំ នៃអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដាក់របាយការណ៍ជាតិលើកដំបូង ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានានូវការអនុវត្តស្របតាមបទប្បបញ្ញត្តិចែងក្នុងអនុសញ្ញាអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN













