រាជធានីភ្នំពេញ ÷ ថ្លែងក្នុងពិធីប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឱ្យក្រសួង-ស្ថាប័នរដ្ឋ ពិនិត្យលទ្ធភាពក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យាឱ្យបានច្រើនជាងមន្ត្រីក្របខ័ណ្ឌរដ្ឋ ព្រោះថា មន្ត្រីកិច្ចសន្យាធ្វើការងាររបស់ខ្លួនមានកុងត្រា និងមានការទទួលខុសត្រូវសម្រាប់គុណភាពការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាច្រើននៅលើជុំវិញពិភពលោក បានកាត់បន្ថយការជ្រើសរើសមន្ត្រីរាជការ តែរើសមន្ត្រីកិច្ចសន្យាដើម្បីធ្វើកិច្ចការងារជំនួសវិញ, រួមទាំងកងទ័ព ដោយការងារមួយចំនួន ផ្អែកទៅលើការកុងត្រាកិច្ចសន្យា សូម្បីតែកងទ័ពនៅអាមេរិក និងនៅអូស្ដ្រាលី ការងារមួយចំនួន គេលែងប្រើកងទ័ពទៀតហើយ គឺគេប្រើក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារវិញម្ដង។
ដូចជា លោកគ្រូ-អ្នកគ្រូ នៅតាមមូលដ្ឋានអ៊ីចឹងដែរ អត់ត្រូវចាំបាច់ទាល់តែមានក្របខណ្ឌពេញ បានមានសិទ្ធិនោះទេ ត្រូវផ្ដល់សិទ្ធិ និងផ្ដល់ឱកាសឱ្យភ្ជាប់គ្នា គឺត្រូវប្រើរូបមន្ដ ការគិតគូរបែបនេះ គឺការជ្រើសរើសមន្ត្រីកិច្ចសន្យានេះឯង។ បើបើកក្របខ័ណ្ឌបែបនេះ គឺអាចរើសអ្នកជំនាញចូលទៅក្នុងមន្ដ្រី ដែលធ្វើការងារជំនាញ ដោយក្នុងក្របខ័ណ្ឌជាបុគ្គលិកកិច្ចសន្យា ជំនាញរយៈពេល៥ឆ្នាំ។

មួយវិញទៀត រដ្ឋអាចថា នឹងមិនបានរើសមន្ត្រីរាជការមកច្រើនគរជើងគ្នា ហើយការងារបែរជាមិនសូវមានធ្វើទៅវិញទេ, បើយើងរើសមន្ត្រីរាជការមកធ្វើការច្រើនពេក មិនសមមូលនឹងបរិមាណការងារ ពួកគេនឹងទំនេរច្រើន ឯរដ្ឋខាតបង់ថវិកាលើថ្លៃប្រាក់បៀវត្ស… ស្រួលមិនស្រួលពួកគេប្រចាំគ្នា បែរជាទុកការងារចោលក៏មាន។ ចំណែកមន្ត្រីកិច្ចសន្យាវិញ គឺពេលដែលយើងរើសមក មានលក្ខខណ្ឌ មានបេសកកម្ម និងរយៈពេលច្បាស់លាស់ បើគេធ្វើការងារណាមួយមិនទាន់ពេលវេលា គឺខុសនឹងកុងត្រា ហើយគេអាចនឹងសងការខូចខាតមករដ្ឋវិញ, រដ្ឋអាចមានវិធានការទៅតាមកុងត្រានីមួយៗ លុះពេលចប់កុងត្រា រដ្ឋក៏លែងមានការចំណាយតទៅទៀតដែរ គឺវាចំណេញត្រង់ហ្នឹង មានភាពច្បាស់លាស់ត្រង់ហ្នឹង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




















