Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦សប្តាហ៍ចុងក្រោយ ជំងឺគ្រុនឈាមឆ្លងរាលដាលជាង១០០០នាក់ , អាជ្ញាធររាជធានីភ្នំពេញ រៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ដើម្បីបង្ការជំងឺគ្រុនឈាម

ភ្នំពេញ៖ ដោយសារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ ជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធនិង អភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាមនេះ ។

នៅក្នុងកិច្ចប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរនិងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ កងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។

ឯកឧត្តមឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមក គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតគួរឲ្យព្រួយបារម្ភដែលទាមទារឲ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។

ឯកឧត្តមឃួង ស្រេង បានជំរុញហើយ អាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។

លោកងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈមន្ទីរសុខាភិបាលនិងបែងចែកក្រុមការងារជា៤ក្រុម ដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ យើងនឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃស្អែកនេះទៅ៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×