ខេត្តស្វាយរៀង ៖ បុរសម្នាក់ជាជនដៃដល់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាវិតធ្វើការឃាត់ខ្លួននិងបុរសម្នាក់ទៀតត្រូវបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជននៅក្នុងករណីហឹង្សាដោយចេតនាដែលហេតុការណ៍នៃការកាប់ប្រហារគ្នានេះបានកើតឡើងនៅថ្ងៃទី ០៤-ខែសីហាឆ្នាំ-២០១៨ វេលាម៉ោង ០៩:៤០នាទីព្រឹក ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី ០៤-ខែ សីហាឆ្នាំ-២០១៨ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានទទួលព័ត៌មានពីសន្តិសុខ ដែលយាមនៅមណ្ឌលកំសាន្តបាវិត ស្ថិតនៅក្នងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីហឹង្សាដោយចេតនាមួយបានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ សន សាមុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករោងចក្រសាន់ហ្វេង មានទីលំនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោទៅកាប់លើជន រងគ្រោះឈ្មោះ ថាំ បូរី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករោងចក្រសាន់ហ្វេង ទីលំនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ត្រូវចំក្បាលខាងក្រោយនឹងកខាងឆ្វេង។
ប្រភពខាងលើបានឱ្យដឹងទៀតថា ៖ ក្រោយពីទទួលបាន ព័ត៌មានភ្លាមសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុបានធ្វើការនាំខ្លូនជនសង្ស័យ មកកាន់អធិការរដ្ឋាននគរបាលក្រុងបាវិតដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខជនសង្ស័យបានឆ្លើយសារភាពថាខ្លូនពិតជាបានយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះពិតប្រាកដមែនមូលហេតុទាស់ពាក្យសំដីគ្នាតិចតូច បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លូនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់។ រីឯជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនក្រុងបាវិត ៕ វ៉ៃកូ