ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរឹតបន្តឹងយ៉ាងម៉ត់ចត់    

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤កុម្ភៈ គឺនៅមុនកាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានខិតមកជិតទៅហើយនោះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, អាជ្ញាធរដែនដី រួមជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលដំណើរការរៀចំការិយាល័យបោះឆ្នោតនៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញចំនួន២ការិយាល័យ(ភូមិភាគ១)។


      
ឯកឧត្តមអភិបាលបានណែនាំឲ្យមន្ត្រីពាក់ពន្ធ័ក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឲ្យបានកាន់តែលំប្រសើរថែមទៀតខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥កុម្ភៈស្អែកនេះហើយ។ យើងត្រូវសម្រេចឲ្យបាននូវ ការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យ ឬគំរាមកំហែងក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។ តាមការសង្កេតជាទូទៅក្នុងដំណាក់កាល នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឱ្យបាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោត ឱ្យបានស្អាតនឹងដាក់កម្លាំង យាមកាមឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ អង្គបោះឆ្នោតដែលជាសមាជិកក្រុម ប្រឹក្សាសង្កាត់ក្នុងតំណែងដែលត្រូវបោះឆ្នោតសម្រាប់រាជធានីភ្នំពេញមានចំនួន ៩១១នាក់ ក្នុងនោះក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ។

យោងតាមបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តកណ្តាលមានការិយាល័យបោះឆ្នោតចំនួន ២ និងមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោតចំនួន ៩២៦រូប។ ដោយឡែកនៅទូទាំងប្រទេសមានការិយាល័យបោះឆ្នោតមាន ចំនួន ៣៣ ការិយាល័យ ហើយមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោត សរុបចំនួន ១១,៧៤៧រូប។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះដែរ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប ក៏បានចេញសេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។ ក្នុងសេចក្តីអំពាវនាវនេះ គ.ជ.ប បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល។ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។

សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២រូប ក្នុងនោះ៖ សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។​ សមាជិកព្រឹទ្ធសភា ចំនួន ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ។ ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ។ ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ។ ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ។ ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ។ ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ។ ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ។ ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម