Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ប្រកាសថា អ្នកបានទៅបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន៩៩,៨៦ ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត

ភ្នំពេញ ៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានអង្គបោះឆ្នោតបានមកបោះសរុបចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧ នាក់។

អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប (ស្រី ២,៥៨៤រូប)។

ការបញ្ជាក់របស់ប្រធានគ.ជ.ប បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ដូច្នេះថា៖ «ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤»។ គ.ជ.ប នឹងទុកពេលឱ្យមានការប្តឹងតវ៉ាចំពោះលទ្ធផលបោះឆ្នោតផងដែរ។

បើតាមការបញ្ជាក់របស់ ឯកឧត្តមប្រធានគ.ជ.ប , ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×