ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូរាជរដ្ឋាភិបាល ចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃចន្ទ ទី២៦ កុម្ភៈ ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខភាពព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញថ្វាយការពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាងទៀងទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើតាំងពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅមានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ពេលបច្ចុប្បន្ន។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ អំឡុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរខែជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











