កម្ពុជា-ម៉ុងហ្គោលី បានជជែកពិភាក្សារកឃើញលទ្ធផលដូចជា ឯកភាពលើការផ្លាស់ប្តូរទស្សនៈគ្នាក្នុងការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ។
ការសម្រេចបែបនេះរបស់កម្ពុជា-ម៉ុងហ្គោលី ធ្វើឡើងក្នុងពេល ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយ លោកស្រី ណូមីន ជីនបាត (Nomin Chinbat) រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី នារសៀលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៧ នារដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ កិច្ចចពិភាក្សាផ្ដោតលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។

ឯកឧត្តម សុខ សូកេន បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាតាមគោលការណ៍ចីរភាព ជាពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០ ក្រោមយន្តការការងារ អន្តរក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏សូមអរគុណផងដែរដល់ប្រជាជន និងរដ្ឋាភិបាលម៉ុងហ្គោលី ដែលបានជួយគាំទ្រដល់កម្ពុជា ក្នុងដំណាក់កាលកសាងជាតិដ៏លំបាក បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត ហើយមកដល់បច្ចុប្បន្ននៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាដរាប។

លោកស្រី ណូមីន ជីនបាត (Nomin Chinbat) រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី បានថ្លែងកោតសរសើរថា បើពិនិត្យមើលកម្ពុជា គឺពិតជាមានការរីកចម្រើនប្រាកដមែន ជាពិសេសការរីកចម្រើនឥតឈប់លើវិស័យទេសចរណ៍ និងបានគាំទ្រឱ្យមានកិច្ច សហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។ ភាគីទាំងពីរបានឯកភាព លើការរៀបចំឱ្យមានអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយផ្ដោតលើការជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN









