កំពង់ចាម៖ ក្រោយពេលអាជ្ញាធរខេត្តកំពង់ចាមបានទុកពេល៧០ថ្ងៃ ឲ្យលោក ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញនោះ ម្ចាស់ដីរូបនេះ បានទទួលកំហុសនេះ និងអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយយល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅចំណុចកើតហេតុ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។
លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែង អនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។

ម្ចាស់ដីរូបនោះបានឲ្យដឹងទៀតថា កាលពីឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេគឺនៅចំណុចដែលបានចាក់ថ្មនោះ បានបាក់ស្រុតជាបន្តបន្ទាប់ ហេតុដូច្នោះហើយ ទើបលោកបានចាក់ថ្មដើម្បីទប់កុំឲ្យបាក់ច្រាំងបន្តទៀត ។ ហើយអ្វីដែលជាកំហុសនោះ គឺលោកមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាព ទើបបណ្តាលឲ្យកើតមាននូវបញ្ហានេះ ។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត។
សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណីលោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះ អនុវត្តដូចខាងក្រោម៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









